ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា បើរកឃើញបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ ត្រូវកំណត់ឲ្យធ្លាក់ដោយស្វ័យប្រវត្តិ។
យោងតាមគេហទំព័រហ្វេសប៊ុក របស់ ក្រសួង អប់រំ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បញ្ជាក់ថា ព្រឹកថ្ងៃទី១ នៃដំណើរការសំណេរវិញ្ញាសាទី២ គឺជីវវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្រ្ត និងប្រវត្តិវិទ្យា សម្រាប់ថ្នាក់ថ្នាក់វិទ្យាសាស្រ្តសង្គម ស្ថានភាពក្នុងដំណើរការប្រឡង មានភាពស្ងប់ស្ងាត់ និងសណ្ដាប់ធ្នាប់របៀបរៀបរយល្អទាំងនៅក្នុង និងក្រៅមណ្ឌលប្រឡង ដំណើរការប្រឡងបានប្រព្រឹត្តទៅតាមពេលវេលាដែលបានកំណត់ និងគោរពតាមបទប្បញ្ញត្តិ។
ក្រសួងអប់រំ លើកឡើងថា «សូមអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ករណីរកឃើញថាបានប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ដោយស្វ័យប្រវត្តិ»។
សូមបញ្ជាក់ថា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២១នេះ មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ធ្នូ មានមណ្ឌលប្រឡង ចំនួន២០៤មណ្ឌល ត្រូវជា ៤៦១៦បន្ទប់ បេក្ខជនចុះឈ្មោះប្រឡង ចំនួន១១៤១៨៣ ក្នុងនោះ ស្រី ចំនួន៦០៣៩៧នាក់ ដោយឡែក គណៈមេប្រយោគ និងគណៈកម្មការនានាចូលរួមក្នុងដំណើរការប្រឡង ចំនួន៣១៤៣២នាក់៕