បរទេស៖ ប្រទេសអ៊ីស្រាអែល នាពេលថ្មីៗនេះ បានបើកប្រតិបត្តិការវាយឆ្មក់ តាមអាកាសមួយ ទៅលើកំពង់ផែ Latakia នៅសមុទ្រមេឌីទែរ៉ានេ របស់ប្រទេសស៊ីរី ហើយនេះគឺជាការវាយប្រហារបែបនេះ ជាលើកទីពីរនៅក្នុងខែនេះ បង្កឲ្យមានការខូចខាត សម្ភារៈយ៉ាងធ្ងន់ធ្ងរ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ស៊ីរី ឈ្មោះ SANA បានដកស្រង់ពីប្រភពយោធាមួយ ដែលបាននិយាយប្រាប់នៅថ្ងៃអង្គារនេះថា “នៅម៉ោងប្រហែល ៣និង២១នាទីព្រឹក សត្រូវ គឺអ៊ីស្រាអែល បានធ្វើការបំពានតាមអាកាស ដោយបាញ់មីស៊ីលជាច្រើនគ្រាប់ ក្នុងទិសដៅពីសមុទ្រមេឌីទែរ៉ានេ ទៅលើទីលានកុងតឺន័រ នៅកំពង់ផែ Latakia”។
រូបភាពវីដេអូថតចាក់ផ្សាយផ្ទាល់ ដោយទូរទស្សន៍រដ្ឋ បានបង្ហាញឲ្យឃើញអណ្ដាតភ្លើងនិងផ្សែង នៅទីលានកុងតឺន័រ ហើយនៅល្ងាចថ្ងៃអង្គារនេះ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ របស់រដ្ឋាភិបាលស៊ីរី បាននិយាយថា ទីភ្នាក់ងារសង្គ្រោះបន្ទាន់ បានធ្វើការគ្រប់គ្រងការឆាប់ឆេះ ដែលផ្ទុះឡើងនៅក្នុងកន្លែង ស្តុកទុកកុងតឺន័របានហើយ។
តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ALJAZEERA នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា យោងតាមកាសែតស៊ីរី SANA ការវាយប្រហារដោយមីស៊ីលនោះ បានបំផ្លិចបំផ្លាញអគារមន្ទីរពេទ្យមួយកន្លែង អគារស្នាក់នៅ និងហាងមួយចំនួន ៕
ប្រែសម្រួល៖ ប៉ាង កុង
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
