ភ្នំពេញ៖ រដ្ឋសភាកម្ពុជាបានបើក សម័យប្រជុំពិភាក្សា អនុម័តលើសេចក្តីព្រាងច្បាប់ចំនួន៣ សម្រាប់លើកកម្ពស់វិស័យពាណិជ្ជកម្ម។ ការអនុម័តនេះ មានការគាំទ្រពីសមាជិករដ្ឋសភាចំនួន១០២រូប ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាព សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ។
សេចក្តីព្រាងច្បាប់ទាំង៣នោះរួមមាន ៖ ១. សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី សហគ្រាសពាណិជ្ជកម្ម , ២. សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម និង៣. សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េ ។
សេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្មច្បាប់ស្តីពី សហគ្រាសពាណិជ្ជកម្ម មានគោលបំណងចូលរួមចំណែក ក្នុងការបន្តកំណែទម្រង់ របស់រាជរដ្ឋាភិបាលស្តារសង្គម សេដ្ឋកិច្ចកម្ពុជាពីវិបត្តិកូវីដ១៩ និងដើម្បីលើកកម្ពស់ភាពងាយស្រួល នៃការធ្វើធុរកិច្ចនៅកម្ពុជាដោយសារ ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ត្រូវបានប្រកាសឲ្យប្រើ ដោយព្រះរាជក្រមតំាងពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៥។
ចំណែក សេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្មច្បាប់ស្តីពី វិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម មានគោលបំណងជួយសម្រួល ដល់ការធ្វើពាណិជ្ជកម្ម នៅក្នុងសម័យបច្ចេកវិទ្យា។
ដោយឡែក សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េ នឹងក្លាយជាបទដ្ឋានគតិយុត្តទ្វេភាគី ក្នុងការដោះដូរពាណិជ្ជកម្ម គ្នាទៅវិញទៅមក ៕