ព័ត៌មានអន្តរជាតិ

ផ្កាយរណប របស់មហាសេដ្ឋី Elon Musk ហោះស្ទើតែនឹងបុកជាមួយ ស្ថានីយ៍អវកាសថ្មី របស់ចិន

បរទេស ៖ រដ្ឋាភិបាលចិន បានទាមទារឲ្យមន្ត្រីអាមេរិក ចាត់វិធានការ ដើម្បីការពារការទៅលើការ កើតមានគ្រោះថ្នាក់នៅក្នុងគន្លង តារាវិថីបន្ទាប់ពីផ្កាយរណប Starlink របស់មហាសេដ្ឋី Elon Musk ជិតនឹងប៉ះទង្គិចជាមួយស្ថានីយ អវកាសថ្មីរបស់ទីក្រុងប៉េកាំង។ ចិនក៏បានចោទក្រុងវ៉ាស៊ីនតោន ពីការធ្វេសប្រហែស និងលាក់ពុត ផងដែរ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា នៅពេលសួរអំពីហេតុការណ៍ ដែលជិតនឹងប៉ះទង្គិចគ្នាជាមួយស្ថានីយ អវកាសចិន (CSS) នៅចន្លោះខែកក្កដា និង ខែតុលា អ្នកនាំពាក្យក្រសួង ការបរទេស លោក Zhao Lijian បានបញ្ជាក់ថា ប្រទេសចិន បានដាក់ពាក្យបណ្តឹងជាផ្លូវការ ទៅកាន់អង្គការ សហប្រជាជាតិហើយ ។ លោកបានអំពាវនាវ ឲ្យសហរដ្ឋអាមេរិកចាត់វិធានការ ឱ្យបានឆាប់រហ័សដើម្បីបង្ការគ្រោះថ្នាក់នានា ដែលអាចកើតមានឡើង។

លោក Zhao បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ ដោយសំដៅ ទៅលើសន្ធិសញ្ញា Outer Space ឆ្នាំ 1967 ដែលបង្កើតជាឆ្អឹងខ្នង នៃច្បាប់អន្តរជាតិក្នុងលំហថា «សហរដ្ឋអាមេរិកអះអាងថា ជាអ្នកការពារដ៏រឹងមាំ នៃគំនិតនៃ “អាកប្បកិរិយាទទួលខុសត្រូវ ក្នុងលំហអាកាស ប៉ុន្តែអាមេរិកមិន បានយកចិត្តទុកដាក់លើកាតព្វកិច្ច សន្ធិសញ្ញារបស់ខ្លួន ហើយបានបង្កការគំរាមកំហែង យ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាព របស់អវកាសយានិក [ចិន] ថែមទៀត នេះជាស្តង់ដារទ្វេរដង» ។

អ្នកនាំពាក្យរូបនេះបានអះអាងថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនគួរតែរក “វិធានការភ្លាមៗ ដើម្បីការពារឧប្បត្តិហេតុបែបនេះ កុំឱ្យកើតមានឡើងវិញ” និង “ធ្វើសកម្មភាពប្រកបដោយទំនួលខុសត្រូវ ដើម្បីការពារអវកាសយានិកក្នុងគន្លង និងប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងស្ថិរភាពនៃកន្លែងអវកាស”។

លោក Zhao បានទទូចថា ទីក្រុងវ៉ាស៊ីនតោនទទួលខុសត្រូវដោយផ្ទាល់ចំពោះអាកប្បកិរិយារបស់ SpaceX ដោយចង្អុលបង្ហាញថា តួអង្គរដ្ឋ “ត្រូវទទួលខុសត្រូវជាអន្តរជាតិ សម្រាប់សកម្មភាពជាតិនៅក្នុងលំហអាកាស ដែលធ្វើឡើងដោយក្រុមហ៊ុនឯកជន របស់ពួកគេ” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top