ប៉េកាំង ៖ អ្នកនាំពាក្យក្រសួង ការបរទេស បានឲ្យដឹងថា មួយរយៈកន្លងមកនេះ វិទ្យុ សំឡេង សហរដ្ឋអាមេរិក (VOA) បានសហការជាមួយរដ្ឋាភិបាល សហរដ្ឋអាមេរិក ដើម្បីធ្វើនយោបាយ លើបញ្ហាជាច្រើន ទាក់ទងនឹងប្រទេសចិន ក្នុងគោលបំណងទប់ស្កាត់ និង បង្ក្រាបប្រទេសចិន។
អ្នកនាំពាក្យចិនលោក ចាវ លីជៀន បានធ្វើការកត់សម្គាល់ ជាការឆ្លើយតបទៅនឹង “របាយការណ៍ចុងឆ្នាំ” ដែលត្រូវបានចេញផ្សាយ នាពេលថ្មីៗនេះដោយ VOA ដែលអះអាងថានៅឆ្នាំ២០២១ ប្រទេសចិន បានធ្វើឱ្យខូចសិទ្ធិមនុស្ស និងនីតិរដ្ឋនៅក្នុងទីក្រុងហុងកុង និងបានប្រព្រឹត្តិទៅ នូវអ្វីដែលគេហៅថា “អំពើប្រល័យពូជសាសន៍” នៅក្នុងតំបន់ស៊ីនជាំង ។
លោក ចាវ បានលើកឡើងថា “VOA តែងតែព្រងើយកន្តើយនឹងការពិត ហើយសម្លឹងមើលប្រទេសចិន ដោយ វ៉ែនតាពណ៌។ វាពិបាកក្នុងការស្វែង រកអ្វីដែលល្អអំពីប្រទេសចិន នៅក្នុងរបាយការណ៍ របស់ពួកគេណាស់” ។
អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា មិនយូរប៉ុន្មាន អតីតបុគ្គលិក VOA បាន លើកឡើងថា លោកមិនបានដឹងទាល់តែលោកមកប្រទេសចិន ថា សេចក្តី រាយការណ៍ របស់ VOA ដែល លោកបានអានរាល់ ថ្ងៃ គឺ ផ្ទុយស្រឡះ ពីស្ថានការណ៍ពិតនៅក្នុង ប្រទេស ចិន។
អ្នកយកព័ត៌មាន ក៏បានឲ្យដឹងផងដែរ ថា មនុស្សមួយចំនួន ដែលធ្វើ ការឱ្យ VOA ត្រូវ បានបណ្តេញចេញពីព្រោះ ពួកគេស្នើឱ្យបង្កើន ការរាយការណ៍ ជា វិជ្ជមាន របស់ប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
អ្នកនាំពាក្យរូបនេះ បាន បន្ដថា “វាគួរឲ្យរន្ធត់ណាស់ ដែលគិតពីការពិត ដែលមនុស្ស មួយ ក្រុមដែល មិនមានចំណាប់ អារម្មណ៍ ពិតប្រាកដ ក្នុង ការ សិក្សា អំពីប្រទេសចិន ហើយទៅធ្វើ ការឲ្យ VOA រាយការណ៍ និង ផ្តល់ យោបល់ អំពី ប្រទេស ចិន”។
លោកបានបន្ថែមថា ទំនាក់ទំនង រវាង VOA និងរដ្ឋាភិបាល សហរដ្ឋអាមេរិក ត្រូវបានគេស្គាល់ គ្រប់គ្នា នៅលើផែនដី “ប្រសិន បើ យើង យល់ ពី ចំណុចនេះ វាមិនពិបាក សម្រាប់ យើង ក្នុងការយល់ ពីអាកប្បកិរិយា របស់ VOA នោះទេ”៕ដោយ ឈូក បូរ៉ា