ព័ត៌មានជាតិ

កម្ពុជា-ឥណ្ឌូនេស៊ីបង្ហាញ ពីសារៈសំខាន់របស់ អាស៊ាន ដើម្បីជួយ មីយ៉ាន់ម៉ា ស្វែងរក ដំណោះស្រាយសមស្រប

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី បានគូសបញ្ជាក់ពីសារសំខាន់ក្នុង ការពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីជួយមីយ៉ាន់ម៉ា ស្វែងរកដំណោះស្រាយសមស្រប សំដៅឈានទៅសម្រេចបាននូវការបង្រួបបង្រួមជាតិ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសខ្មែរ ស្ដីពីជំនួបតាមទូរស័ព្ទរវាង សម្តេចតេជោ ហ៊ុន សែន ជាមួយលោក ចូកូ វីដូដូ នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ បានបញ្ជាក់ថា «ពាក់ព័ន្ធនឹងស្ថានការណ៍បច្ចុប្បន្ននៅប្រទេសមីយ៉ាន់ម៉ា ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្ដូរ ទស្សនៈអំពីវិវឌ្ឍន៍ថ្មីៗនៅមីយ៉ាន់ម៉ា និងបានគូសបញ្ជាក់ពីសារសំខាន់ក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីជួយមីយ៉ាន់ម៉ាក្នុងការស្វែងរកដំណោះស្រាយសមស្រប សំដៅឈានទៅសម្រេចបាននូវការបង្រួបបង្រួមជាតិ សន្តិភាព និងស្ថិរភាពយូរអង្វែង និងការអភិវឌ្ឍ»។

សូមបញ្ជាក់ថា កម្ពុជា បានចាប់ផ្តើមបំពេញតួនាទីជាប្រធានអាស៊ាន ចាប់ឆ្នាំថ្ងៃទី១ ខែមករា ឆ្នាំ២០២២តទៅ។ ជាមួួយនឹងការបំពេញតួនាទីជាប្រធានអាស៊ាននេះ កម្ពុជា បានបង្ហាញអំពីការប្តេជ្ញាចិត្ត ក្នុងការសម្របសម្រួលដោះស្រាយបញ្ហាមីយ៉ាន់ម៉ា និងការពង្រឹងមជ្ឈភាពរបស់អាស៊ានឡើងវិញ។

ជាងនេះទៅទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ាន នឹងអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ខាងមុខផង៕

To Top