ព័ត៌មានជាតិ

អ្នកឆ្លង ជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង មិនអនុញ្ញាត ឱ្យព្យាបាលនៅផ្ទះឡើយ

ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានថ្លែងថា អ្នកឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង ដែលបញ្ជាក់ដោយមន្ទីរពិសោធន៍ ពុំត្រូវអនុញ្ញាតឱ្យស្នាក់នៅ ថែទាំ និងព្យាបាលនៅតាមផ្ទះឡើយ។

ក្រសួង បានឱ្យដឹងបែបនេះ ដោយអនុវត្តតាមការណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាថ្ងៃទី៥ មករា ថ្លែងក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ជូនដល់កីឡាការិនី អ៊ុក ស្រីមុំ ជ័យលាភីមេដាយមាសពិភពលោក កីឡាប៉េតង់ នៅទីក្រុង Santa Susanna ប្រទេសអេស្ប៉ាញ។

យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី៥ មករា លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា ករណីជំងឺកវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង ត្រូវបានរកឃើញថា ជាករណ៍នាំចូលមកពីបរទេស និងភាគច្រើនជាអ្នកដំណើរមកពីបរទេសតាមផ្លូវអាកាស។

លោករដ្ឋមន្ដ្រី បញ្ជាក់ទៀតថា «ទោះបីជាពុំទាន់មានទិន្នន័យបញ្ជាក់ថា វីរុសនេះបណ្ដាលឱ្យមានភាពធ្ងន់ធ្ងរនៅឡើយ ប៉ុន្តែវាមានលទ្ធភាពឆ្លងលឿន។ ដូច្នេះ ដើម្បីបង្ការ និងទប់ស្កាត់ជាអតិបរមានូវការឆ្លងរាលដាលនៃវីរុសនេះ ចូលក្នុងសហគមន៍ អ្នកជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង ដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍ ពុំត្រូវបានអនុញ្ញាតឱ្យព្យាបាលនៅតាមផ្ទះឡើយ ទោះបី ក្នុងលក្ខខណ្ឌណាក៏ដោយ»។

លោក បន្ដថា អ្នកជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុងទាំងអស់ត្រូវស្នាក់នៅថែទាំ និងព្យាបាល នៅក្នុងមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ដែលកំណត់ដោយក្រសួងសុខាភិបាល ឬដោយគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត៕

To Top