នយោបាយ

សម្ដេចតេជោ ហ៊ុន សែន វិលត្រឡប់មកដល់ មាតុភូមិវិញ ប្រកបដោយសុវត្ថិភាព

ភ្នំពេញ ៖ ក្រោយបញ្ចប់ទស្សនៈកិច្ច២ថ្ងៃ នៅប្រទេសមីយ៉ាន់ម៉ា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានវិលត្រឡប់មកដល់ មាតុប្រទេសវិញ ប្រកបដោយសុវត្ថិភាព នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២២នេះ ។

បន្ទាប់ ពី ត្រឡប់មកដល់ប្រទេសកម្ពុជានេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃកម្ពុជា ក៏នឹងមានសន្និសីទសារព័ត៌មាន អំពីលទ្ធផល នៃដំណើរទស្សនកិច្ច របស់សម្ដេចតេជោ ហ៊ុន សែន ផងដែរ ។

សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅបំពេញទស្សនកិច្ច នៅប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២ ដើម្បីសម្របសម្រួល ជួយដោះស្រាយវិបត្តិ នៅប្រទេសមីយ៉ាន់ម៉ា និងក្នុងគោលដៅដើម្បីពង្រឹង ដល់មិត្តភាពរបស់អាស៊ានផងដែរ។

នៅក្នុងឱកាសបំពេញ ទស្សនកិច្ចនេះ មេដឹកនាំកំពូលយោធាមីយ៉ាន់ម៉ា បានសម្រេចពន្យារពេល បទឈប់បាញ់ រហូតដល់ចុងឆ្នាំ២០២២ ហើយលោក បានអំពាវនាវ ដល់ភាគីពាក់ព័ន្ធទាំងអស់ បញ្ឈប់អំពើហិង្សា ។ បន្ថែមពីនេះលោកគាំទ្រ ឲ្យមានកិច្ចប្រជុំ ដើម្បីសម្របសម្រួល ដល់ការផ្ដល់ជំនួយ ព្រមទាំងធានា និងសម្របសម្រួល ដល់ដំណើរទស្សនកិច្ច របស់ប្រេសិតពិសេសប្រធានអាស៊ាន ឆ្នាំ២០២២ នៅក្នុងប្រទេស មីយ៉ាន់ម៉ា ដើម្បីបានជួបភាគី ពាក់ព័ន្ធទាំងអស់ផងដែរ។

នៅក្នុងឱកាសបំពេញទស្សនកិច្ចរបស់ សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្ដល់ជំនួយមួយចំនួនទៀត ដល់មីយ៉ាន់ម៉ាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ផងដែរក្នុងនោះមានដូចជា ម៉ាស់ចំនួន ៣.២០០.០០០ ឯកសណ្ឋាន ការពារ (PPE) ចំនួន ៣០.០០០ ម៉ាស៊ីនជំនួយការដកដង្ហើម ចំនួន ៥០ គ្រឿង ឧបករណ៍តាមដានអ្នក ជំងឺ ចំនួន ៥០គ្រឿង ឧបករណ៍ផលិតអុកស៊ីហ្សែន ចំនួន ៥០ គ្រឿង និងសម្ភារៈបរិក្ខារពេទ្យមួយចំនួនទៀត ៕

To Top