បរទេស៖ អតីតប្រធានទីភ្នាក់ងារចារកម្ម ក្នុងស្រុក របស់ប្រទេសកាហ្សាក់ស្ថាន នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ ត្រូវបានជាប់ឃុំពីបទ សង្ស័យក្បត់ជាតិកម្រិតខ្ពស់ ក្រោយលោកត្រូវបានបណ្ដេញចេញ ពីតំណែង ស្របពេលមានការតវ៉ា ប្រកបដោយអំពើហិង្សា ក្នុងប្រទេស។
គណៈកម្មការសន្តិសុខជាតិ ហៅកាត់ថា KNB បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសៅរ៍នេះថា អតីតប្រធានរបស់ខ្លួន គឺលោក Karim Masimov ដែលជាមិត្តដ៏ជិតស្និទ្ធមួយរូបរបស់ប្រធានាធិបតីកាហ្សាក់ស្ថាន លោក Nursultan Nazarbayev នោះ ត្រូវបានគេចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ក្រោយមានការស៊ើបអង្កេត ចំពោះអំពើក្បត់ជាតិកម្រិតខ្ពស់។
គណៈកម្មការសន្តិសុខជាតិនេះ បាននិយាយយ៉ាងដូច្នេះថា “កាលពីថ្ងៃទី០៦ ខែមករាក្នុងឆ្នាំនេះ គណៈកម្មការសន្តិសុខជាតិ បានធ្វើការស៊ើបអង្កេតមុនការកាត់ក្តី ចំពោះការក្បត់ជាតិកម្រិតខ្ពស់ ហើយនៅថ្ងៃតែមួយនោះដែរ ចំពោះបទសង្ស័យនៃការប្រព្រឹត្តធ្វើឧក្រិដ្ឋកម្មនេះ អតីតប្រធាន KNB KK Masimov ត្រូវបានឃាត់ខ្លួន និងដាក់ក្នុងមជ្ឈមណ្ឌលឃុំឃាំងជាបណ្ដោះអាសន្ន រួមជាមួយនឹងមនុស្សដទៃផ្សេងទៀត”។
អាជ្ញាធរបាននិយាយថា កងកម្លាំងសន្តិសុខបានសម្លាប់បាតុករ ចំនួន២៦នាក់ នៅក្នុងភាពចលាចលនាសប្ដាហ៍នេះ ហើយមន្ត្រីអនុវត្តច្បាប់ចំនួន១៨នាក់ បានស្លាប់បាត់បង់ជីវិត ចំណែកមនុស្សជាង៤.៤០០នាក់ទៀត ត្រូវបានចាប់ខ្លួន នេះបើតាមការប្រាប់ឲ្យដឹង ពីក្រសួងមហាផ្ទៃនៅថ្ងៃសៅរ៍នេះ៕
ប្រែសម្រួល៖ប៉ាង កុង