ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ប្រកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងដូសទី៤ សម្រាប់ក្រុមគោលដៅជម្រើស នៅភ្នំពេញ

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹង ប្រកាសពីការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ សម្រាប់ក្រុមគោលដៅជម្រើស នៅរាជធានីភ្នំពេញ។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នឹងផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ដោយប្រើវ៉ាក់សាំង Pfizer ជូនដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា ក្រុមគ្រូពេទ្យជួរមុខ (ទាំងរដ្ឋ និងឯកជន) មន្ត្រីរាជការ កងទ័ព នគរបាលជាតិ រហូតដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ជនវ័យចាស់ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង បុគ្គលិកស្ថានទូត អង្គការជាតិ អន្តរជាតិអ្នកសារព័ត៌មាន និងសមាជិក សមាជិកា នៃសមាគមសសិល្បករកម្ពុជា ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញរួចហើយ មានគម្លាតចាប់ពី៤ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំង កូវីដ-១៩ ដូសទី៣ ឬដូសជំរុញ។

បើតាមគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ការបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៤ សម្រាប់ក្រុមគោលដៅនេះ ធ្វើឡើងចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២តទៅ នៅតាមមន្ទីរពេទ្យជាតិនានា ក្នុងរាជធានីភ្នំពេញ៕

To Top