បរទេស៖ ប្រជាជនកូរ៉េខាងជើង ជាច្រើនពាន់នាក់ បានប្រមូលផ្តុំគ្នានៅទីលាន Kim Il-sung ក្នុងរដ្ឋធានី ព្យុងយ៉ាង របស់ប្រទេស សម្រាប់ការប្រមូលផ្តុំគ្នាមួយ ដើម្បីគាំទ្រដល់សមាជបក្សពលករ និងការសម្រេចចិត្តគណបក្ស។ ហ្វូងមនុស្ស ដែលត្រូវបានគេរាយការណ៍ថា មានកសិករ កម្មកររោងចក្រ ស្មៀន និងសិស្សានុសិស្ស បានរក្សានូវទម្រង់ នៃគម្លាតសុវត្ថិភាព គួបផ្សំនឹងការពាក់ម៉ាស់ផងដែរ, នេះបើយោងតាមរូបថត និងវីដេអូនៃការជួបជុំនេះ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា នៅឯសមាជបក្សពលករ ដែលបានធ្វើឡើងកាលពីសប្តាហ៍មុន នៅថ្ងៃចុងក្រោយនៃឆ្នាំ ២០២១ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសពីតម្រូវការសម្រាប់ផែនការ៥ឆ្នាំថ្មីសម្រាប់សេដ្ឋកិច្ច។ លោកក៏បានសង្កត់ធ្ងន់ថា ប្រទេសជាតិត្រូវការពង្រីកកម្លាំងយោធា ដោយបញ្ជាឲ្យមានការអភិវឌ្ឍ និងផលិតប្រព័ន្ធសព្វាវុធទំនើបៗបន្ថែមទៀត។
ក្នុងអំឡុងពេលសមាជបក្សកម្មករចុងក្រោយ មេដឹកនាំកូរ៉េខាងជើងបានប្រកាសពីតម្រូវការក្នុងការអភិវឌ្ឍន៍ផែនការថ្មីសម្រាប់សេដ្ឋកិច្ចរបស់ប្រទេស ស្របពេលដែលការជំរុញសក្តានុពលយោធារបស់ខ្លួន។ ទោះជាយ៉ាងនេះក្តី លោកមិនបានដាក់ឈ្មោះសហរដ្ឋអាមេរិកថា ជាប្រភពនៃការគម្រាមកំហែងសម្រាប់កូរ៉េខាងជើង ដូចករណីធម្មតាពីមុនៗនោះទេ៕
ប្រែសម្រួលៈ ណៃ តុលា