ព័ត៌មានអន្តរជាតិ

“ពហិការកីឡាអូឡាំពិក រដូវរងាទីក្រុងប៉េកាំង”? សហរដ្ឋអាមេរិក កំពុងលេង “ស្តង់ដារពីរ” ម្តងទៀត

យោងតាមការផ្សព្វផ្សាយ របស់បណ្តាសារព័ត៍មានបរទេស បន្ទាប់ពីរដ្ឋបាលលោក Biden បានប្រកាសថា ខ្លួននឹង “ធ្វើពហិការការទូត” ចំពោះព្រឹត្តិការណ៍ កីឡាអូឡាំពិក រដូវរងា នៅទីក្រុងប៉េកាំង មជ្ឈដ្ឋានខាងក្រៅ កំពុងតែទាយមើលថា បន្ទាប់ពីប្រទេសលោកខាងលិចជាច្រើន ដែលដឹកនាំដោយសហរដ្ឋអាមេរិក បានប្រកាស “ធ្វើពហិការរដូវរងាអូឡាំពិច” តើនឹងអាចជះឥទ្ធិពល អ្វីដល់ប្រទេសចិនដែរឬទេ?

ទោះជាយ៉ាងណាក៏ដោយ ក្តីបារម្ភបែបនេះហាក់បីដូចជា ហួសហេតុពេកហើយ ព្រោះថា ក្រោយពេលសេតវិមាន បានប្រកាសធ្វើពហិការកីឡាអូឡាំពិករដូវរងា លោក Dick Pound អតីតមន្ត្រីជាន់ខ្ពស់ នៃគណៈកម្មាធិការអូឡាំពិក អន្តរជាតិ បានមានប្រសាសន៍ នៅក្នុងបទសម្ភាសន៍ជាសាធារណៈថា ការយកកីឡាអូឡាំពិក មកធ្វើនយោបាយ ជាសាធារណៈបែបនេះ គឺជាអំពើដែលមិនគួរមាន ហើយវានឹងមិនមាន ផលប៉ះពាល់ណាមួយ ដល់ព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងា នៅទីក្រុងប៉េកាំងនោះទេ ការប្រកួតនៅតែបន្ត ហើយទំនាក់ទំនង រវាងប្រទេសផ្សេងទៀត និងប្រទេសចិន ជាក់ស្តែងក៏ស្របតាមនឹងដែរ។

តើសហរដ្ឋអាមេរិក ពិតជាមានចេតនាធ្វើពហិការកីឡា អូឡាំពិក រដូវរងា ក្រុងប៉េកាំងឆ្នាំ 2022 មែនឬ? តាមពិតវាមិនដូច្នោះទេ។ យ៉ាងណាមិញ រដ្ឋាភិបាលអាមេរិក ជាក្រុមដែលមានមុខពីរ យ៉ាងល្បីល្បាញ។ ដោយសារបន្ទាប់ ពីលោកស្រី Psaki អ្នកនាំពាក្យសេតវិមាន បានប្រកាសជាសាធារណៈថា សហរដ្ឋអាមេរិក នឹងមិនបញ្ជូនមន្ត្រីណាម្នាក់ ទៅចូលរួមព្រឹត្តិការណ៍ កីឡាអូឡាំពិក រដូវរងា នៅទីក្រុងប៉េកាំង។

លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេស សហរដ្ឋអាមេរិក ក៏បានថ្លែងជាសាធារណៈ ក្នុងការឆ្លើយសំណួរ របស់អ្នកសារព័ត៌មាន ដោយលើកឡើងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បដិសេធ មិនអត្ថាធិប្បាយ ចំពោះការចូលរួម របស់ក្រុមអ្នកឧបត្ថម្ភអាមេរិក ក្នុងកីឡាអូឡាំពិក រដូវរងានៅទីក្រុងប៉េកាំង។ ជាមួយគ្នានេះ គណៈកម្មាធិការអូឡាំពិកអាមេរិក ក៏បានបញ្ជាក់ដែរថា ខ្លួនមិនយល់ស្រប នឹងទង្វើរបស់រដ្ឋាភិបាលអាមេរិក ហើយនឹងបន្តជួយអត្តពលិកអាមេរិក ដើម្បីចូលរួមក្នុងកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង។

អាមេរិក ស្នើសុំទិដ្ឋាការពីប្រទេសចិន សម្រាប់មន្ត្រី១៨នាក់ ដើម្បីចូលរួមកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង សារព័ត៍មានហុងកុង “South China Morning Post” បានបញ្ចេញព័ត៍មានផ្តាច់មុខមួយ នៅថ្ងៃទី ២៤ ខែធ្នូ ដោយលើកឡើងថា ថ្មីៗនេះរដ្ឋាភិបាលអាមេរិកបានដាក់សំណើសុំ ទិដ្ឋាការរយៈពេល ៣ ខែសម្រាប់មន្រ្តីចំនួន ១៨ រូបទៅកាន់ប្រទេសចិន ។ ព័ត៌មាននេះត្រូវបានបញ្ជាក់ ភាពពិតប្រាកដ ដោយក្រសួងការបរទេសចិន។

កាសែត South China Morning Post បានរាយការណ៍ដោយដកស្រង់ប្រភពព័ត៍មានពីមនុស្សពីរនាក់ និងឯកសារពាក់ព័ន្ធថា ពាក្យស្នើសុំទិដ្ឋាការនេះ សរុបមានមន្ត្រីអាមេរិកចំនួន ១៨ នាក់។ ក្នុងនោះ មាន១៥នាក់ បំរើការងារនៅក្នុងក្រសួងការបរទេស សហរដ្ឋអាមេរិក និងមួយនាក់នៅក្នុងមន្ទីរបញ្ចកោណ (Pentagon) ហើយគោលបំណង នៃការស្នើសុំ គឺដើម្បីផ្តល់នូវអ្វីដែលគេហៅថា “ប្រតិបត្តិការគាំទ្រសុវត្ថិភាព” ។
របាយការណ៍បានថ្លែងថា ភាគីអាមេរិកអាចនឹងដាក់សំណើសុំ ទិដ្ឋាការទៅកាន់ប្រទេសចិន សម្រាប់មន្ត្រីចំនួន ៤០ នាក់បន្ថែមទៀតក្នុងរយៈពេល ប៉ុន្មានខែខាងមុខនេះ។

ក្នុងន័យនេះ អ្នកជំនាញខ្លះជឿថា នេះបង្ហាញថាជាក់ស្តែងគឺមានភាពខ្វែងគំនិតគ្នារវាងស្ថាប័នក្រសួងរបស់រដ្ឋបាល Biden ក្នុងការពិភាក្សាផ្ទៃក្នុងពាក់ព័ន្ធនឹងប្រធានបទកីឡាអូឡាំពិករដូវរងា។

អ្នកជំនាញបានចង្អុលបង្ហាញថា មន្ត្រីដែលដាក់ពាក្យស្នើសុំទិដ្ឋាការគឺបំរើការងារនៅក្រសួងការបរទេស ឬ មន្ទីរបញ្ចកោណ (Pentagon) បើពួកគេមិនអាចចាត់ទុកជាមន្ត្រីអាមេរិកទេ តើជានរណាទើបជាមន្ត្រីអាមេរិក?

រដ្ឋាភិបាល Biden ដំបូងឡើយបាននាំមុខគេក្នុងការបោកបញ្ឆោតអ្នកដើរតាម អាមេរិកមួយចំនួន ហើយបានស្នើឱ្យពួកគេធ្វើតាម ការសម្រេចចិត្តរបស់ខ្លួន ដោយមិនបញ្ជូនមន្ត្រីទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ហើយឥឡូវនេះបែរជាផ្លាស់ប្តូរភ្លាមៗ ការទះកំផ្លៀងខ្លួនឯងបែបនេះ នឹងធ្វើឱ្យសម្ព័ន្ធមិត្តរបស់អាមេរិកភ្ញាក់ផ្អើល និងមិនអាចត្រៀមខ្លួនក្នុងការទប់ទល់ នេះហើយគឺជាអាកប្បកិរិយា “ស្តង់ដារពីរ” របស់អាមេរិក ដែលមានលក្ខណៈធម្មតាទៅហើយ។

To Top