ព័ត៌មានជាតិ

គម្រោង ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប បានបញ្ចប់សាងសង់១០០%

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀម រាប បានបញ្ចប់ការសាងសង់១០០%ហើយ ខណៈបច្ចុប្បន្ននៅសល់តែការងារសម្អាត និងរៀបចំសោភ័ណភាពប៉ុណ្ណោះ។

ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន៣៨ខ្សែ នៅក្រុងសៀមរាប នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំការ នៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប បានលើកឡើងអំពីទឹកចិត្តប្រកបដោយសប្បុរសរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការតភ្ជាប់ប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់ពីខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ចំនួន១២ ២៩៩ តំណជាមួយនឹងប្រព័ន្ធលូមេរបស់ក្រសួងសាធារណការ ដោយឥតគិតថ្លៃ ដើម្បីជាចំណងដៃដ៏ថ្លៃថ្លាជូនដល់ប្រជាពលរដ្ឋនៅក្រុងសៀមរាប ដែលគិតរហូតមកទល់ពេលនេះការតភ្ជាប់នេះសម្រេចបានប្រមាណ៥០%ហើយ។

លោកបានគូសបញ្ជាក់អំពីការរីកចម្រើនលើវិស័យសាធារណការ និងដឹកជញ្ជូន នៅក្នុងសម័យតេជោ រួមមាន៖ ការសាងសង់ផ្លូវតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ខេត្តនានា ពីខេត្តមួយទៅខេត្តមួយដោយផ្លូវកៅស៊ូ និងការឈានចូលដល់ដំណាក់កាលពង្រឹងគុណភាពផ្លូវពីផ្លូវកៅស៊ូពីរស្រទាប់ស្ដើងទៅផ្លូវបេតុងកៅស៊ូ(AC) ការពង្រីកផ្លូវពីពីរគន្លងទៅបួនគន្លងឱ្យសមស្របទៅនឹងកំណើនយានយន្តធ្វើចរាចរណ៍លើដងផ្លូវ ការកសាងផ្លូវក្រវាត់ក្រុងទីពីរ និង ការកសាងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ក្រុងព្រះសីហនុ ការកសាងផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប ការកសាងផ្លូវ៣៧ខ្សែនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងសមិទ្ធផលជាច្រើនផ្សេងទៀត ក្រោមដំបូលសុខសន្តិភាព និងភាពដឹកនាំដ៏ប៉ិនប្រសប់របស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី។

សូមបញ្ជាក់ថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាប ចំនួន៣៨ខ្សែ មានប្រវែងសរុប ១០៦,៤២ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩ ២១៦ ៥៩៥ ដុល្លារអាមេរិក ក្នុងនោះ ចំនួន៩លានដុល្លារអាមេរិកចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយពេលសាងសង់ចំនួន១៣ខែ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

To Top