ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា គោលនយោបាយដាក់ចេញដើម្បីប្រែក្លាយពំ្រដែនទៅជាតំបន់អភិវឌ្ឍន៍ សន្ដិភាព និងទីផ្សារ រហូតដល់ពេលនេះ សម្រេចបានលើស៩០%ហើយ ដោយចំណុចនៅសេសសល់ គឺការរំដោះគ្រាប់មីន ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-សេរីសោភ័ណ នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោ បានរំលឹកថា បន្ទាប់ពីការបញ្ចប់សង្គ្រាម ថ្ងៃទី២៩ ធ្នូ ១៩៩៨ សម្ដេច ដាក់ចេញគោលដៅ ចំនួន២សំខាន់ៗ រួមមាន ៖ ប្រែក្លាយតំបន់អតីតសមរភូមិក្លាយទៅជាទីផ្សារ និងតំបន់អភិវឌ្ឍន៍, ប្រែក្លាយព្រំដែនជាមួយប្រទេសជិតខាងឲ្យទៅជាព្រំដែនសន្ដិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។
សម្ដេចតេជោបញ្ជាក់ថា «ចឹងគោលដៅទាំងពីរនេះ អនុវត្តបានច្រើនណាស់ហើយ ។ ក្នុងហ្នឹង ប្រែក្លាយតំបន់អតីតសមរភូមិ ក្លាយទៅជាទីផ្សារឲ្យទៅតំបន់អភិវឌ្ឍន៍ យើងអាចនិយាយដល់ពេលនេះ អាចសម្រេចថា លើស៩០ភាគរយទៅហើយ។ ចំណុចសេសសល់ គឺអ្វី? គឺគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ នៅមិនទាន់បំផ្លាញអស់នៅឡើយទេ»។
សម្ដេចតេជោបន្ដថា នៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ ខាងស៊ីម៉ាក់បានរាយការណ៍ប្រាប់សម្ដេច ថា មិត្តជប៉ុនបានជួយជាថវិកា សម្រាប់ការដោះមីននៅតំបន់ទាំងនេះ។ សម្ដេចថា ឆ្នាំ២០២៥ គឺជាឆ្នាំ គោលដៅដែលបានដាក់ចេញសូន្យគ្រាប់មីន ឲ្យសម្រេចជោគជ័យ។
នាឱកាសនោះដែរ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ក៏បានលើកឡើងថា បច្ចុប្បន្នកម្ពុជាកំពុងគ្របកណ្ដប់ ទៅដោយសន្តិភាពពេញលេញដែលត្រូវខិតខំការពារទាំងអស់គ្នា។
សម្ដេចតេជោបញ្ជាក់ថា «ពេលនេះ ប្រទេសកម្ពុជាយើង គ្របកណ្ដប់ដោយសន្តិភាពពេញលេញដែលពីមុនយើងគ្មានការអភិវឌ្ឍទេ ធ្វើត្រង់ណា គេបំផ្លាញចោលត្រង់នោះ ត្រូវខំការពារត្រង់នេះ បើការពារមិនបានទេមនុស្សហ្នឹងស្លាប់ មេរៀនយើងគ្រប់គ្រាន់ហើយដែរ ត្រូវខិតខំការពារ ។ ពេលនេះ ប្រទេសមួយមានសង្គ្រាម តើអាចនិយាយអំពីសិទ្ធិមនុស្សបានទេ អីចឹងពេលនេះ ត្រូវចាប់ផ្តើមនិយាយ អំពីសិទ្ធិរស់រានមានជីវិតសិន»៕