នយោបាយ

សម្ដេចតេជោ ទាញយករូបមន្តត្រ័យការ ក្នុងការដោះស្រាយ វិបត្តនៅភូមា

ភ្នំពេញ ៖ បន្ថែមពីលើគំនិតផ្ដួចផ្ដើម ឲ្យមានការកែលម្អស្ថានភាព នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងដោយសម្លឹងឃើញថា វិបត្តិនៅក្នុងប្រទេសនេះ មិនអាចបញ្ចប់ ក្នុងឆ្នាំ២០២២បាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានណែនាំឲ្យមានការបង្កើត នូវយន្តការត្រ័យការ ដែលមានសមាសធាតុមកពី អតីតប្រធានអាស៊ាន គឺព្រុយណ ប្រធានបច្ចុប្បន្នអាស៊ានគឺកម្ពុជា និងអនាគតប្រធាន អាស៊ាន គឺឥណ្ឌូនេស៊ី បូកជាមួយនឹងលេខាធិដ្ឋាន អាស៊ាន ។

រូបមន្តត្រ័យការ របស់អាស៊ាន ដែលធ្លាប់មានកន្លងមកគឺ «រដ្ឋមន្ត្រីការបរទេសនៃ អតីតប្រធានអាស៊ានប្តូរវេន រដ្ឋមន្ត្រីការបរទេស ជាប្រធានអាស៊ានបច្ចុប្បន្ន និងរដ្ឋមន្រ្តីការបរទេសអនាគត ប្រធានអាស៊ាន បន្ទាប់» ។

អាស៊ានបានលើកយន្តការត្រ័យការ ដើម្បីជួយផ្សះផ្សាកម្ពុជា ដោយអាស៊ាន ចាត់បញ្ជូនរដ្ឋមន្ត្រីការបរទេស៣រូប សម្រាប់សម្របសម្រួល ជាមួយភាគីពាក់ព័ន្ធកម្ពុជា និងប្រទេសពាក់ព័ន្ធ ។ រដ្ឋមន្ត្រី៣រូបមាន លោក អាលី អាឡាតាស់ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី អតីតប្រធានអាស៊ាន ,រដ្ឋមន្ត្រីកាបរទេសថៃ លោក ប្រាជួប ឆៃយ៉ាសាន ប្រធានអាស៊ាន និងរដ្ឋមន្ត្រីកាបរទេស ហ្វីលីពីន លោក ដូរ ម៉ីងហ្គូ សាយហ្សុន ។ ខណៈកម្ពុជា បានធ្លាប់ជួបរូបមន្តនេះ កាលពីឆ្នាំ១៩៩៧ ក្រោយពីកងទ័ពស្មោះសម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ នាយករដ្ឋមន្ត្រីទី១ និង សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រទី២ បានប្រយុទ្ធគ្នាកណ្តាល រាជធានីភ្នំពេញ ៥-៦កក្កដា ១៩៩៧ ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-សេរីសោភ័ណ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា « គម្ពីរបស់ខ្ញុំ គឺខ្ញុំត្រូវធ្វើការសន្ទនា ជាមួយនឹងថ្នាក់ដឹកនាំមីយ៉ាន់ម៉ា៖ ទី១ កូសង់ស៊ីស ៥ចំណុចរបស់អាស៊ាន និងទី២គឺធម្មនុញ្ញរបស់អាស៊ាន»។

ឆ្លើយតបទៅនឹងការរិះគន់ ជុំវិញដំណើរទស្សនកិច្ច ទៅកាន់ប្រទេសមីយ៉ាន់ម៉ា សម្ដេចតេជោ បានលើកឡើងថា បើពេលវេលាមកមិនទាន់ដល់ សម្ដេចអត់ទាន់ធ្វើសកម្មភាពទេ គ្រាន់តែដោះស្រាយ ។ សម្ដេចបញ្ជាក់ថា «អ្វីដែលយើងសម្រេចបាន គឺមិនបញ្ចប់នៅត្រឹមសេចក្ដីប្រកាសរួម ស្ដីពីដំណើរទស្សនកិច្ចរបស់ខ្ញុំ នៅមីយ៉ាន់ ប៉ុណ្ណឹងនោះទេ ។ នៅទីនេះ មានចំណុចសំខាន់ ៣យ៉ាង៖ ទី១ បទឈប់បាញ់ ទី២ការផ្ដល់ជំនួយ និងទី៣ ទាក់ទិនជាមួយនឹងការសន្ទនា»។

ក្នុងន័យនេះ សម្ដេចថា ត្រូវមានកិច្ចការយ៉ាងហោចណាស់ ក៏ត្រូវបង្កើតយន្ដការចំនួនពីរឲ្យខានតែបាន ព្រោះមិនមែនរឿងរបស់កម្ពុជានោះទេ រឿងនេះគឺជារឿងអាស៊ានត្រូវធ្វើ។

សម្ដេចតេជោ នាយករដ្ឋមន្រ្តីបញ្ជាក់ថា «ខ្ញុំបានណែនាំ ឯកឧត្តម ប្រាក់ សុខុន ឲ្យខិតខំរកការសម្រុះសម្រួល ក្នុងដៃគូអាស៊ានរបស់យើង បង្កើតនូវយន្តការចំនួនពីរគឺ យន្តការទី១៖ ពាក់ព័ន្ធនឹងការឈប់បាញ់ ហោចណាស់យើងបង្កើតឲ្យមានត្រ័យការ (ត្រ័យការនេះ មានអតីតប្រធាន គឺព្រុយណេ ប្រធានបច្ចុប្បន្ន គឺកម្ពុជា និងអនាគតប្រធាន គឺឥណ្ឌូនេស៊ី) បូកជាមួយនឹងលេខាធិដ្ឋានអាស៊ាន ដើម្បីធ្វើការសម្របសម្រួល អំពីការឈប់បាញ់»។

សម្ដេចតេជោបន្ថែមថា ដើម្បីឲ្យមានការជឿទុកចិត្ត សម្រាប់ភាគីទាំងអស់ អាស៊ានគប្បីដើរតួនាទីនេះ ដែលពីមុននេះគេមិនអាចធ្វើបាន តែឥឡូវអាស៊ានរកបានហើយដែលអាស៊ានមានតួនាទី ចូលទៅធ្វើការ សម្របសម្រួលគ្រប់ភាគីមានជម្លោះ ឲ្យមានការឈប់បាញ់ ។

សម្ដេចនាយករដ្ឋមន្រ្តីបន្តថា ជាការល្អប្រសើរ ជាមួយនឹងការមិនមានអំពើហិង្សា មិនមានសង្គ្រាមប្រដាប់អាវុធ នៅមីយ៉ានម៉ា ដែលបង្កឱកាសអំណោយផល ឈានឆ្ពោះទៅរកការសន្ទនា ក្នុងន័យស្ថាបនា ហើយឈានទៅរកការបោះឆ្នោត ដែលខាងភាគីមីយ៉ាន់ម៉ា កំណត់ នឹងធ្វើនៅក្នុងខែសីហា ឆ្នាំ២០២៣ ។

សម្ដេចតេជោសង្កត់ធ្ងន់ថា «ខ្ញុំសង្ឈឹមថា ដៃគូក្នុងអាស៊ានរបស់យើង នឹងខិតខំ ដើម្បីបង្កើតឲ្យមានយន្តការមួយ! ហើយយន្តការនេះមិនមែន ជារបស់កម្ពុជានោះទេ គ្រាន់តែកម្ពុជា ជាប្រធាអាស៊ាននៅពេលនេះ ។ តែរឿងនេះវាមិនអាចចប់ នៅក្នុងឆ្នាំ២០២២នេះ បានទេ ។ រឿងនេះនឹងធ្លាក់ទៅលើដៃប្រធានអាស៊ានថ្មី គឺឥណ្ឌូនេស៊ី ហើយពេលនោះត្រ័យការ កម្ពុជា នឹងទៅជាអតីតប្រធាន ប្រធានអាស៊ានឆ្នាំ២០២៣ ឥណ្ឌូនេស៊ី និងអនាគតប្រធាន គឺប្រទេសឡាវ» ។

ដោយឡែក មីយ៉ាន់ម៉ាខ្លួនឯង ក៏ត្រូវមានយន្តការមួយ ដើម្បីធ្វើការជាមួយនឹងអាស៊ាន ព្រោះអាស៊ានមិនអាចលើកកម្លាំង ទៅដោយគ្មានការយល់ព្រម របស់មីយ៉ាន់ម៉ា នោះទេ។

សម្ដេចតេជោបញ្ជាក់បន្ថែមថា «កម្ពុជាគ្រាន់តែជាអ្នកបើកផ្លូវ ក្នុងនាមជាប្រធានអាស៊ាន តែប៉ុណ្ណឹងទេ ទុកលទ្ធភាពនេះ ជូនរដ្ឋមន្រ្តីការបរទេស ហើយក៏ទុកលទ្ធភាពនេះជូនចំពោះប្រេសិតពិសេស របស់ប្រធានអាស៊ានផងដែរ» ។

ពាក់ព័ន្ធនឹងយន្តការទី២ ក្នុងការផ្ដល់ជំនួយមនុស្សធម៌ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា «ចំណុចនេះសំខាន់ណាស់ ត្រូវបង្កើតឲ្យបាននូវយន្តការ សម្រាប់ការផ្ដល់ជំនួយ ទៅគ្រប់ទៅកន្លែងទាំងអស់ ដោយគ្មានការរើសអើង»។

ក្នុងឱកាសនេះ សម្ដេចក៏បានរំលឹកពីការពេញចិត្ត ចំពោះពាក្យសម្ដីរបស់ នាយឧត្តមសេនីយន៍ មីន អោងឡោង ដែលបាននិយាយថា ជំនួយទាំងអស់ ក៏ត្រូវបានផ្ដល់ជូន ដល់គ្រប់ភាគីទាំងអស់ ព្រោះពួកគេក៏ជាជនជាតិ មីយ៉ាន់ម៉ាដែរ ។

ដោយឡែក ចំពោះមតិលើកឡើង បែបរិះគន់ អំពីការស្នើសុំជួប លោកស្រីអ៊ុង សានសូជី និងភាគីពាក់ព័ន្ធផ្សេងៗទៀត សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្លះគេលើកត្រឹមថា ខ្ញុំអត់បានជួបជាមួយអ្នកនេះ ជួបជាមួយអ្នកនោះ ខ្ញុំអត់បានដាក់គោលដៅ ជួបជាមួយអ្នកណាទាំងអស់ អ្វីដែលខ្ញុំចង់បាន គឺ២ចំណុច ទី១គឺបទឈប់បាញ់ ទី២ការផ្ដល់ជំនួយ»។

សម្ដេចសង្កត់ធ្ងន់ថា «ខ្ញុំអត់លទ្ធភាព ដើរទៅជួបជាមួយភាគីនេះឬភាគីនោះ ក្រុមនេះឬក្រុមនោះទេ គេចាត់ទុកថាមិនជោគជ័យ»៕

To Top