បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងជើង បានជោគជ័យក្នុងការតេស្ត សាកល្បងចុងក្រោយនៃ ប្រព័ន្ធមីស៊ីលលឿនជាងសម្លេង ស្របពេលដែលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងង៊ុន អំពាវនាវឲ្យបន្តពង្រឹង សមត្ថភាពយោធារបស់ប្រទេស។
ទីភ្នាក់ងារសារព័ត៌មាន កណ្ដាលកូរ៉េខាងជើង KCNA បានរាយការណ៍ថា ការតេស្តសាកល្បង អាវុធកាលពីថ្ងៃអង្គារនោះ គឺត្រូវបានត្រួតពិនិត្យមើលដោយលោក គីម ជុងអ៊ុន ហើយនេះជាគឺជាលើកទីមួយ ដែលលោកបានបង្ហាញវត្តមានជាផ្លូវការ នៅកន្លែងតេស្តមីស៊ីលដ៏ធំមួយ ក្នុងរយៈពេលជិត ២ឆ្នាំមកនេះ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដដែលនេះបាននិយាយយ៉ាងដូច្នេះថា លោក គីម ជុងអ៊ុន មានការកោតសរសើរ ចំពោះភាពជោគជ័យ ដ៏អស្ចារ្យរបស់ប្រទេស ក្នុងការអភិវឌ្ឍមីស៊ីល លឿនជាងសម្លេង និងបានសង្កត់ធ្ងន់ពីភាពចាំបាច់ ត្រូវពន្លឿនកិច្ចខិតខំប្រឹងប្រែងថែមទៀត កសាងកម្លាំងយោធាយុទ្ធសាស្ត្រ របស់ប្រទេស ទាំងផ្នែកគុណភាពនិងបរិមាណ និងត្រូវធ្វើទំនើបកម្មថែមទៀតលើកងទ័ព។
គួរបញ្ជាក់ថា ការបាញ់តេស្តមីស៊ីលចុងក្រោយបំផុត របស់កូរ៉េខាងជើង គឺត្រូវបានតាមដានដោយយោធា របស់ប្រទេសកូរ៉េខាងត្បូង និងជប៉ុន ហើយវាគឺជាការតេស្ត សាកល្បងលើកទី២ ក្នុងរយៈពេលតិចជាងមួយសប្ដាហ៍ ចំពោះអ្វីដែលកូរ៉េខខាងជើងអះអាងថា ជាអាវុធលឿនជាងសម្លេង ៕
ប្រែសម្រួល៖ ប៉ាង កុង