ព័ត៌មានអន្តរជាតិ

ក្រុមអ្នកអង្កេតឥណ្ឌូនេស៊ី ត្រូវការពេល ១ឆ្នាំទៀត ដើម្បីកំណត់មូលហេតុ នៃការធ្លាក់យន្តហោះ Sriwijaya Air

ហ្សាការតា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ថា ក្រុមអ្នកស៊ើបអង្កេតឥណ្ឌូណេស៊ី អាចនឹងត្រូវការរយៈពេល ១ឆ្នាំទៀត ដើម្បីកំណត់ពីមូលហេតុ នៃការធ្លាក់យន្តហោះ Sriwijaya Air កាលពីឆ្នាំមុន ដែលបានសម្លាប់មនុស្សទាំងអស់ នៅលើយន្តហោះទាំង៦២នាក់ ។ នេះបើយោងតាមរបាយការណ៍ បណ្តោះអាសន្នមួយចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះ ។

នៅក្រោមស្តង់ដារអន្តរជាតិ ជាធម្មតារបាយការណ៍ចុងក្រោយ នឹងត្រូវបានចេញក្នុងរយៈពេល ១ឆ្នាំ នៃការធ្លាក់កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ ប៉ុន្តែគណៈកម្មាធិការសុវត្ថិភាព ដឹកជញ្ជូនជាតិរបស់ឥណ្ឌូនេស៊ី ហៅកាត់ (KNKT) បានឲ្យដឹងថា ជំងឺរាតត្បាតបានធ្វើឱ្យក្រុមរបស់ខ្លួន កាន់តែពិបាកធ្វើដំណើរស្វែងរក ។

អ្នកស៊ើបអង្កេត KNKT លោក Nurcahyo Utomo បានប្រាប់ដល់ទីភ្នាក់ងារ Reuters ថា “ដោយសារតែទិន្នន័យទើបតែ ត្រូវបានប្រមូលផ្តុំ យើងកំពុងចងក្រង របាយការណ៍ចុងក្រោយ រួមទាំងការវិភាគ និងការសន្និដ្ឋាន” ។

ឧបទ្ទវហេតុនៃការធ្លាក់យន្តហោះ Sriwijaya គឺជាការធ្លាក់យន្តហោះរបស់ ក្រុមហ៊ុនអាកាសចរណ៍ធំទី៣ របស់ប្រទេសឥណ្ឌូនេស៊ី ក្នុងរយៈពេលត្រឹមតែជាង ៦ឆ្នាំ និងការបង្ហាញពន្លឺលើកំណត់ត្រា សុវត្ថិភាពអាកាសមិនបានល្អ របស់ប្រទេសនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top