ព័ត៌មានអន្តរជាតិ

មន្ត្រីរុស្ស៊ី ចង់បន្តកិច្ចពិភាក្សាសន្តិសុខ ជាមួយសហរដ្ឋអាមេរិក និងណាតូ

បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយនៅពេលថ្មីៗនេះថា លោកសង្ឃឹមថា កិច្ចពិភាក្សាសន្តិសុខជាមួយសហរដ្ឋអាមេរិកនឹងអាចបន្ត បើទោះជាប្រទេសទាំងពីរនិងអង្គការសម្ពន្ធមិត្តយោធាណាតូ មិនបានឈានដល់ការធ្វើកិច្ចព្រមព្រៀងណាមួយ នៅក្នុងកិច្ចពិភាក្សាគ្នាកាលពីដើមសប្ដាហ៍នេះក៏ដោយ។


សេតវិមាននិងអង្គការសម្ពន្ធមិត្តយោធា ណាតូ កំពុងតែព្យាយាមឲ្យរុស្ស៊ីបន្ថយភាពតានតឹង នៅតាមព្រំដែនរុស្ស៊ី-អ៊ុយក្រែន ជាទីដែលប្រទេសរុស្ស៊ីបានប្រមូលផ្តុំកងទ័ពប្រមាណ១០០.០០០នាក់។ វិមានក្រឹមឡាំង បានទាមទារឲ្យមានការធានាថា ប្រទេសអ៊ុយក្រែន នឹងមិនក្លាយជាសមាជិករបស់អង្គការណាតូ។

លោក Sergey Lavrov បានមានប្រសាសន៍ដូច្នេះថា លោកចង់បានអ្វីខ្លះៗសរសេរល័ក្ខអក្សរ ដែលធានាដល់សន្តិសុខដែលប្រទេសរុស្ស៊ីកំពុងតែស្វែងរក។ អគ្គលេខាធិការអង្គការសម្ពន្ធមិត្តណាតូ លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃពុធថា ណាតូនឹងប្រឹងប្រែងធ្វើការដើម្បីបំបាត់គម្លាតក្នុងអ្វីដែលរុស្ស៊ីកំពុងតែទាមទារ។


យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Al Jazeera បានឲ្យដឹងថា លោក Jens Stoltenberg បានមានប្រសាសន៍បន្តទៀតដូច្នេះថា “មានការខ្វែងគំនិតគ្នាជាខ្លាំង រវាងសម្ពន្ធមិត្តណាតូនិងប្រទេសរុស្ស៊ី ស្តីពីបញ្ហាទាំងនេះ ហើយភាពខ្វែងគំនិតគ្នារបស់យើង នឹងមិនងាយដោះស្រាយនោះទេ”៕

ប្រែសម្រួល៖ប៉ាង កុង

To Top