ព័ត៌មានជាតិ

លោកស្រី មាន សំអាន លើកទឹកចិត្តស្ត្រី ឲ្យរួមគ្នាក្នុងការចូលរួមពង្រឹង ពង្រីកការអភិវឌ្ឍមូលដ្ឋាន ឲ្យកាន់តែប្រសើរ

កំពង់ចាម ៖ ក្នុងពិធីសំណេះសំណាល ជាមួយសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ស្ដីពីវឌ្ឍនភាព និងឆ្ពោះទៅកាន់ការ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ធ្វើឡើងនៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នេះ លោកស្រី មាន សំអាន ប្រធានគណ:កម្មការទី៨ នៃព្រឹទ្ធសភា បានលើកទឹកចិត្ត រវាងក្រុមសមាជិកាព្រឹទ្ធសភា ជាមួយសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បី រួមគ្នាក្នុងការចូលរួមពង្រឹង ពង្រីកការអភិវឌ្ឍ នៅមូលដ្ឋាន ឲ្យកាន់តែប្រសើរឡើង ។

លោកស្រី មាន សំអាន បានឲ្យដឹងថា ក្រុមសមាជិកព្រឹទ្ធសភា មានតួនាទី ជាសេនាធិការជូនថ្នាក់ដឹកនាំព្រឹទ្ធសភា ក្នុងការបំពេញមុខងារទាំង ៣ ជាពិសេស មុខងារ ជាតំណាង ។ ជាមួយនោះ ដើម្បី បំពេញមុខងារ នេះ ឲ្យមានប្រសិទ្ធភាព ក្រុមសមាជិកាព្រឹទ្ធសភា បានដើរតួនាទីជាអ្នកគាំទ្រ និងរួមចំណែកជម្រុញ ការអនុវត្តគោលនយោបាយ យេនឌ័រ ការពារសិទ្ធិស្ត្រី កុមារ និងផលប្រយោជន៍ របស់សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ សំដៅលើកកម្ពស់សមត្ថភាព និងការបង្កើនសមាមាត្រស្ត្រី ក្នុងកិច្ចការនយោបាយ សេដ្ឋកិច្ច សង្គម ការយល់ដឹងអំពីច្បាប់ ដែលពាក់ព័ន្ធនឹងបញ្ហាយេនឌ័រ គោលនយោបាយវិមជ្ឈការ និងវិសមជ្ឈការ បញ្ហាសុខភាព អនាម័យ និងបរិស្ថាន ។

លោកស្រី មាន សំអាន បានលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ ជួយគំនិតយោបល់ ក្នុងន័យចែករំលែកព័ត៌មាន ចំណេះដឹង បទពិសោធន៍ល្អៗ និងបញ្ហាប្រឈមនានា ដែលជាឧបសគ្គដល់ស្ត្រី និងតម្រូវការជាក់ស្ដែង របស់ស្ត្រី សម្រាប់ជាគុណប្រយោជន៍ ស្វែងរកដំណោះស្រាយ ធ្វើយ៉ាងណា ឲ្យស្ត្រីទទួលបានការគាំទ្រ ក្នុងពេលឈ្មោះបោះឆ្នោត និងចូលរួមធ្វើការសម្រេចចិត្តជ្រើសរើសថ្នាក់ដឹកនាំ ប្រកបដោយសុឆន្ទៈ សមត្ថភាព គុណធម៌ និងចរិតលក្ខណៈថ្លៃថ្នូរ ក្នុងការបំពេញការងារជូនប្រជាពលរដ្ឋ ដើម្បី អភិវឌ្ឍសហគមន៍ ភូមិ ឃុំ សង្កាត់របស់ខ្លួន ។

អភិបាលរងខេត្តកំពង់ចាម លោកស្រី ប៉ាង ដានី បានបញ្ជាក់ផងដែរថា វេទិកានេះពិតជាបានជួយពង្រឹង និងលើកកម្ពស់សមត្ថភាព ភាពក្លាហាន ក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្ត របស់បេក្ខភាពស្រ្តីឱ្យកាន់តែប្រសើរឡើង និងចូលរួមជ្រើសរើសអ្នក ដឹកនាំក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលមានសមត្ថភាព ពិតប្រាកដ ដើម្បីឈានឆ្ពោះទៅកាន់ការអភិវឌ្ឍន៍មូលដ្ឋាន របស់ខ្លួន ឱ្យកាន់តែល្អប្រសើរឡើង និងចូលរួមលើកកម្ពស់ សមភាពយេនឌ័រ និងសុខភាពសាធារណៈ ក្នុងការរស់នៅ និងធ្វើការងារ តាមគន្លងប្រក្រតិភាពថ្មី ក្នុងបរិបទ នៃជំងឺកូវីដ-១៩ ៕

To Top