ព័ត៌មានជាតិ

គ្រួសារជនរងគ្រោះ និងសកម្មជនសិទ្ធិមនុស្ស ប្រារព្ធខួបលើកទី៦ នៃអំពើហិង្សា នៅផ្លូវវេងស្រេង

ភ្នំពេញ៖ មនុស្សប្រមាណជា៧០នាក់ ទាំងសកម្មជនដីធ្លី កម្មករ និងសកម្មជនសិទ្ធិមនុស្ស នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ បានជួបជុំគ្នា ដើម្បីប្រារព្ធខួបលើកទី៦ នៃវាយប្រហារ ពីសំណាក់កងកម្លាំង ប្រដាប់អាវុធ ទៅលើហ្វូងកម្មករ កូដកម្ម នៅមហាវិថី វេងស្រេងកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ បណ្ដាលឲ្យមមនុស្ស៤នាក់ស្លាប់ ម្នាក់បាត់ខ្លួន និងរាប់សិបនាក់ ផ្សេងទៀត រងរបួស ។ នេះបើតាមអត្ថបទចេញផ្សាយ ដោយលីកាដូ។

អ្នកចូលរួម បានរៀបចំ ពិធីតាមបែបព្រះពុទ្ធសាសនា និងជាការ រំលឹកដល់ការស្លាប់របស់ជនរងគ្រោះ នៅមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) ដោយមាន ការចូលរួម ពីគ្រួសារជនរងគ្រោះ ដែលត្រូវបានបាញ់សម្លាប់ និងបាត់ខ្លួនផងដែរ។

កម្មករដែល ត្រូវបានបាញ់ សម្លាប់មានឈ្មោះ លោក គឹម ផាលាប លោក សាម រ៉ាវី លោក យាន រឹទ្ធី និងលោក ផេង កុសល ។ កម្មករម្នាក់ទៀត ឈ្មោះ លោក ខឹម សុផាត នៅបន្តបាត់ខ្លួន ប៉ុន្តែត្រូវបានប្រទះឃើញចុងក្រោយ នៅក្នុងមន្ទីរឃុំឃាំង របស់កងកម្លាំងសន្ដិសុខ បន្ទាប់ពីរងរបួស ដោយគ្រាប់កាំភ្លើងចំផ្នែកពោះ។ សុផាត នៅបន្ត បាត់ខ្លួន រយៈពេល៦ឆ្នាំ មកហើយ ទោះបីជាមានការ ស្នើសុំឲ្យមានការស៊ើបអង្កេត ជាច្រើនដងហើយក៏ដោយ។

អ្នកស្រី លក្ខិណា ម្ដាយរបស់ជនរងគ្រោះ ខឹម សុផាត បានមានប្រសាសន៍ ថា “ខ្ញុំសូមអំពាវនាវ ឲ្យស្ថាប័ន គ្រប់ជាន់ថ្នាក់ មេត្តាជួយរកយុត្តិធម៌ ជូនគ្រួសារខ្ញុំផង”៕

To Top