ព័ត៌មានជាតិ

វីតាល់ និងមីជាតិ ប្រគល់ជូន សម្ភារ បរិក្ខារ ដល់វិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា

ភ្នំពេ​ញ ៖ កាលពីព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២ ក្រុមហ៊ុន វ័នម៉រ លីមីធីត ដែលមានទឹកពិសា វីតាល់ និងផលិតផល មីជាតិ បានធ្វើការប្រារព្ធ ពិធីប្រគល់-ទទួលសម្ភារបរិក្ខារ ជូនទៅដល់វិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា (NPIC) ក្រោមអធិបតីភាព លោកស្រី ជឹង សុគន្ធាវី អគ្គនាយិកា ក្រុមហ៊ុន វ័នម៉រ លីមីធីត និង លោក ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា ព្រមទាំងមានការចូលរួមពី សំណាក់សាស្រ្តាចារ្យ គណៈគ្រប់គ្រង បុគ្គលិក នៃក្រុមហ៊ុន ទឹកពិសាវីតាល់ មីជាតិ និងនិសិ្សតជាច្រើននាក់ ។

ការផ្តល់ជូនសម្ភារបរិក្ខារ រួមមានម៉ាស៊ីនត្រជាក់ ៦គ្រឿង និងប៉ាដារពាក្យស្លោកជាច្រើនផ្ទាំង លម្អជុំវិញបរិវេណ ទីធ្លាវិទ្យាស្ថាន ត្រូវបានធ្វើឡើង ដើម្បីឆ្លើយតប នឹងតម្រូវការចាំបាច់របស់វិទ្យាស្ថាន និងជាចំណែក នៃការអភិវឌ្ឍគុណភាព អប់រំនៅកម្ពុជា តាមរយៈការបំពាក់ ជូននូវសម្ភារបរិក្ខារទំនើបៗ ដែលផ្តល់នូវអំណោយផលដល់ការប្រជុំ និងសិក្សារបស់និស្សិត ដែលកំពុងសិក្សានៅ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)។

លោកស្រី ជឹង សុគន្ធាវី អគ្គនាយិកាក្រុមហ៊ុន បានមានប្រសាសន៍ថា “ ដោយមើលឃើញពីតម្រូវការ ចាំបាច់ទាំងនេះ ទើបក្រុមហ៊ុន វ័នម៉រ លីមីធីត ដែលមានទឹកពិសាវីតាល់ និងមីជាតិ បានរៀបចំបំពាក់ជូនវិទ្យាស្ថាន តាំងពីឆ្នាំ២០២១ មកម៉្លេះ ប៉ុន្តែដោយការរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងសហគមន៍ បានធ្វើអោយយើងពន្យារការជួបជុំរហូតមកដល់ពេលនេះ ទើបយើងមានឱកាសបានរៀបចំពិធីប្រគល់-ទទួលជាផ្លូវការ ស្របតាមបែបបទ គន្លងប្រក្រតីភាពថ្មី ។

ក្នុងកម្មវិធីនោះផងដែរ លោក ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិ ពហុបច្ចេកទេស កម្ពុជា បានមានប្រសាសន៍ថា “ក្នុងនាមវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា ដែលជាគ្រឹះស្ថានបណ្តុះបណ្តាល សាធារណៈមួយ នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ យើងខ្ញុំសូមឆ្លៀត ឱកាសនេះសំដែង នូវអំណរគុណ ជាពិសេសចំពោះ ក្រុមហ៊ុនទឹកពិសា វីតាល់ និងមីជាតិ ដែលបានចូលរួមគាំទ្រ ដល់វិទ្យាស្ថានជាតិបច្ចេកទេសជាដរាប មិនថាការផ្តល់ជូននូវសម្ភារ និង ការឧបត្ថម្ភផ្សេងៗ តួយ៉ាងដូចថ្ងៃនេះ ការផ្តល់ជូននូវម៉ាស៊ីនត្រជាក់នេះ ពិតជាបានជួយសម្រួល ដល់តម្រូវការចាំបាច់ របស់វិទ្យាស្ថាន និងស្តែងចេញពីការយកចិត្តទុកដាក់របស់វិស័យឯកជន ក្នុងចូលរួមសកម្មភាពសង្គម ជាពិសេសលើវិស័យអប់រំ។

គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុនវីតាល់ ជាក្រុមហ៊ុនផលិតទឹកពិសា ដែលមានគុណភាពខ្ពស់ស្របតាមស្តង់ដារ និងឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវ ។ វីតាល់ ត្រូវបានទទួលស្គាល់ និងពេញនិយម ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស ដែលមានវត្តមានក្នុងទីផ្សារ តាំងពីឆ្នាំ២០១០ មកម៉្លេះ។ ចំណែក ផលិតផលមីជាតិ ជាផលិតមីកញ្ចប់ឆ្អិនស្រាប់ ដែលមានរសជាតិ បែបខ្មែរដំបូងគេ ផលិតដោយជនជាតិខ្មែរ និងត្រូវបានទទួលស្គាល់លើគុណភាព អនាម័យ ជាផលិតផលមីកញ្ចប់ក្នុងស្រុក ដែលមានរសជាតិឆ្ងាញ់ពិសា ៕

To Top