ព័ត៌មានជាតិ

កូឡុំប៊ី ស្នើអង្គភាពស៊ីម៉ាក់កម្ពុជា បន្តផ្ដល់ការហ្វឹកហ្វឺន​ ដល់កម្លាំង ជំនាញរបស់ខ្លួន

ភ្នំពេញ៖ លោកស្រី Ana Maria Prieto Abad ឯកអគ្គរដ្ឋទូតប្រទេស កូឡុំប៊ី ប្រចាំនៅកម្ពុជា ដែលមាន និវេសដ្ឋាន នៅក្រុងបាងកក បានស្នើសុំរដ្ឋាភិបាលជប៉ុន បន្តគាំទ្រឱ្យអង្គភាពស៊ីម៉ាក់ របស់កម្ពុជា បន្តជួយផ្ដល់ការហ្វឹកហ្វឺន ដល់កំលាំងជំនាញកូឡុំប៊ីបន្ថែមទៀត ចាប់ពីឆ្នាំ២០២២នេះ ។

តាមរយៈគេហទំព័រហ្វេសប៊ុកលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា បានឱ្យដឹងថា នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានស៊ីម៉ាក់ភ្នំពេញ បានទទួលជួបពិភាក្សាការងារ ជាមួយលោកស្រី Ana Maria Prieto Abad ឯកអគ្គរដ្ឋទូតប្រទេសកូឡុំប៊ីប្រចាំនៅកម្ពុជា ដែលមាននិវេសដ្ឋាន នៅក្រុងបាងកក ។ ក្នុងឱកាសនេះ លោកស្រី ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាល ដែលបានពង្រឹង កិច្ចប្រតិបត្ដិការ យ៉ាងល្អទាំងទ្វេភាគី និងពហុភាគី ហើយក៏បានថ្លែងអំណរគុណ ចំពោះអង្គភាពស៊ីម៉ាក់ ដែលបានផ្ដល់ការ ហ្វឹកហ្វឺនជូនកងទ័ព និងកំលាំងជំនាញសកម្មភាពមីនកូឡុំប៊ី បានចំនួន ១៦៦នាក់ទាំងការហ្វឹកហ្វឺន នៅប្រទេសកូឡុំប៊ី និងនៅប្រទេសកម្ពុជា ។

ដោយការហ្វឹកហ្វឺននេះអនុវត្ដតាមគំរោង កិច្ចសហប្រតិបត្ដិការ ត្បូង-ត្បូង គាំទ្រដោយទីភ្នាក់ងារកិច្ចសហប្រតិបត្ដិការ អន្តរជាតិជប៉ុន (JICA) ។
គូសបញ្ជាក់ថា ប្រទេសកូឡុំប៊ី ស្ថិតនៅអាមេរិកខាងត្បូង មានប្រជាជនប្រមាណ ៥០លាននាក់ មានចំងាយពីប្រទេសកម្ពុជា ប្រមាណ ១៨,០០០គីឡូម៉ែត្រ ស្ថិតនៅម្ខាងទៀតនៃផែនដី ដែលមានពេលវេលាខុសគ្នាចំនួន ១២ម៉ោង ៕

To Top