បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ថា ចក្រភពអង់គ្លេស បានចោទប្រកាន់ប្រធានាធិបតី ពូទីន ពីបទរៀបចំផែនការដំឡើងឥស្សរជន គាំទ្រក្រុងម៉ូស្គូដើម្បីដឹកនាំ រដ្ឋាភិបាលអ៊ុយក្រែន ។
ការិយាល័យការបរទេសបាន បោះជំហានមិនធម្មតាក្នុងការ ដាក់ឈ្មោះអតីតសមាជិកសភាអ៊ុយក្រែន Yevhen Murayev ជាបេក្ខជនដ៏មានសក្តានុពល របស់វិមានក្រឹមឡាំង។ គេបានដឹងថា រុស្ស៊ី បានចល័តទ័ព ១០ម៉ឺននាក់ ទៅជិតព្រំដែនរបស់ខ្លួនជាមួយអ៊ុយក្រែន ប៉ុន្តែបដិសេធថា ខ្លួនមិនបានរៀបចំផែនការ ឈ្លានពានទេ ។
រដ្ឋមន្ត្រីចក្រភពអង់គ្លេស បានព្រមានថា រដ្ឋាភិបាលរុស្ស៊ី នឹងប្រឈមនឹងផលវិបាក ធ្ងន់ធ្ងរប្រសិនបើមានការញុះញង់ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេស Liz Truss បានលើកឡើងថា “ព័ត៌មានដែលត្រូវបាន ចេញផ្សាយនៅថ្ងៃនេះ បំភ្លឺអំពីវិសាលភាពនៃ សកម្មភាពរបស់រុស្ស៊ី ដែលត្រូវបានរចនាឡើង ដើម្បីបង្រ្កាបអ៊ុយក្រែន និងជាការយល់ឃើញអំពី ការគិតរបស់វិមានក្រឹមឡាំង ។
“រុស្ស៊ី ត្រូវតែបន្ថយភាពតានតឹង បញ្ចប់យុទ្ធនាការនៃការឈ្លានពាន និងព័ត៌មានមិនពិតរបស់ខ្លួន ហើយបន្តដំណើរផ្លូវនៃការទូត ។
“ដូចដែលចក្រភពអង់គ្លេស និងដៃគូរបស់យើងបាននិយាយ ម្តងហើយម្តងទៀត រាល់ការលុកលុយរបស់រុស្ស៊ី ទៅក្នុងទឹកដីអ៊ុយក្រែន នឹងក្លាយជាកំហុសយុទ្ធសាស្ត្រដ៏ធំ ជាមួយនឹងការចំណាយដ៏ធ្ងន់ធ្ងរ” ។
រុស្ស៊ីបានដណ្ដើមយកទឹកដីអ៊ុយក្រែន មុនពេលខ្លួនបញ្ចូលគ្រីមេក្នុងឆ្នាំ២០១៤ បន្ទាប់ពីប្រទេសនេះបានទម្លាក់ ប្រធានាធិបតីដែលគាំទ្ររុស្ស៊ី របស់ពួកគេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា