ភ្នំពេញ៖ លោកបណ្ឌិត ឡី សុភាព ប្រធានសហព័ន្ធវិនិយោគិនកម្ពុជា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បានរៀបចំពិធីសំណេះសំណាល និងផ្សព្វផ្សាយពីការគាំទ្រ និងការអំពាវនាវ ៩ចំណុច ដល់សមាជិក-សមាជិកាអង្គការ សមាគម និងវិស័យឯកជន ដើម្បីបន្តការគាំទ្រ និងចូលរួមក្នុងកិច្ចការអភិវឌ្ឍ ជាមួយរាជរដ្ឋាភិបាល ដែលធ្វើឡើងនៅភោជនីយដ្ឋាន The Grand Terrace ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោមសមាសភាពចូលរួម ពីសមាជិក-សមាជិកាអង្គការ សមាគម និងវិស័យឯកជន សរុបជាង ៦០០នាក់ ។
នាឱកាសនោះ លោកប្រធាន ឡី សុភាព បានដាក់ចេញការគាំទ្រ និងការអំពាវនាវ ចំនួន៩ចំណុច រួមមាន៖ ចំណុចទី១៖ ប្រកាសគាំទ្រគោលនយោបាយ ចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ទី២៖ អំពាវនាវឱ្យសមាជិក-សមាជិកាអង្គការ សមាគម និងវិស័យឯកជនទាំងអស់ ចូលរួមចាក់វ៉ាក់សាំងដូលទី៤ ឱ្យបានគ្រប់ៗគ្នា។ ទី៣៖ ប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត។
ទី៤៖ ប្រកាសគាំទ្រ និងកោតសរសើរ ដល់គណៈអភិបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានខិតខំបំពេញតួនាទី និងភារកិច្ចបានល្អ កាលពីឆ្នាំ២០២០ និងឆ្នាំ២០២១ កន្លងមក ក្នុងនោះរួមមានការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គមបានល្អ ខិតខំដោះស្រាយនិងគ្រប់គ្រង បញ្ហាទឹកជំនន់ទឹកភ្លៀង ជូនប្រជាជនក្នុងរាជធានីភ្នំពេញ ឱ្យរួចពីគ្រោះថ្នាក់ផ្សេងៗ ដូចជាការលិចលង់ផ្ទះសម្បែង និងហេដ្ឋារចនាសម្ពន្ធផ្សេងៗ ក៏ដូចជាខិតខំដោះស្រាយ ការកកស្ទះសំរាមនាអំឡុងពេល ក្រុមហ៊ុនប្រមូលសំរាម មានបញ្ហាកន្លងមក ឱ្យទទូលបានលទ្ធផលល្អ ជូនប្រជាពលរដ្ឋ និងកិច្ចសម្របសម្រួលការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋបានល្អប្រសើរ ទាំងដូចមូលដ្ឋាន និងដូសជំរុញ។
ទី៥៖ អំពាវនាវឱ្យសមាជិក-សមាជិកាអង្គការ សមាគម និងវិស័យឯកជនទាំងអស់ ចូលរួមបង់ថ្លៃសេវាសំរាម ឱ្យបានគ្រប់ៗគ្នា។ ទី៦៖ អំពាវនាវឱ្យគ្រប់មូលដ្ឋានអាជីវកម្ម ក្នុងវិស័យឯកជន ត្រូវស្នើសុំលិខិតអនុញ្ញាតអាជីវកម្ម នៅការិយាល័យច្រកចេញចូលតែមួយ ទូទាំងរាជធានី-ខេត្ត។ ទី៧៖ អំពាវនាវឱ្យគ្រប់មូលដ្ឋានអាជីវកម្ម ក្នុងវិស័យឯកជន ត្រូវពង្រឹងនិងពង្រីកអាជីវកម្មមីក្រូតូច មធ្យម ដើម្បីបង្កើនសេដ្ឋកិច្ចជាតិ និងកម្លាំងពលកម្មក្នុងស្រុក។
ទី៨៖ ប្រកាសគាំទ្រគោលនយោបាយ ទេសចរណ៍ក្នុងស្រុក ឱ្យបានទូលំលាយ ពិសេសក្នុងបរិបទ នៃការរស់នៅតាមគន្លងប្រក្រតីភាពថ្មី នៃជំងីកូវីដ១៩ និងមេរោគបំប្លែងថ្មីអូមីក្រុង និងទី៩៖ គាំទ្រឱ្យអាជីវករ ពាណិជ្ជករ អង្គការ សមាគម និងវិស័យឯកជន ចូលជាសមាជិក តាមវិស័យនីមួយៗ ឱ្យបានគ្រប់ៗគ្នា ។
គួរជម្រាបថា បន្ទាប់ពីបញ្ចប់វេទិកា សំណេះសំណាលខាងលើរួចមក អង្គពិធីក៏បានរៀបចំអាហារសាមគ្គី ជូនសមាជិក-សមាជិកាអង្គការ សមាគម និងវិស័យឯកជនទាំងអស់ យ៉ាងអធិកអធមសប្បាយរីករាយផងដែរ៕