ព័ត៌មានជាតិ

លោកម៉ែន វិបុល ៖ កុំតាំងខ្លួនជាមន្ត្រីជើងដប់ឲ្យសោះ ត្រូវតាំងខ្លួនជាមន្ត្រីជើងពីរ បម្រើពលរដ្ឋ ដោយស្មោះត្រង់

ស្វាយរៀង ៖ លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងថាមន្ត្រីទាំងអស់ កុំតាំងខ្លួនជាមន្ត្រីជើងដប់ឲ្យសោះ ត្រូវតាំងខ្លួនជាមន្ត្រីជើងពីរ បម្រើពលរដ្ឋដោយស្មោះត្រង់។

ការថ្លែងរបស់អភិបាលខេត្តស្វាយរៀង បែបនេះបានធ្វើឡើងក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មសិក្សាការី វគ្គវិក្រឹត្យការ មន្ត្រីជាន់ខ្ពស់ វគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាល និងវគ្គវិក្រឹត្យការមន្ត្រីមធ្យម បញ្ចប់ការសិក្សា នៃសាលាភូមិន្ន រដ្ឋបាលឆ្នាំ២០២១ ក្នុងខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៦ ខែមករាឆ្នាំ២០២២ នៅសាលប្រជុំអគារ(ខ) សាលាខេត្តស្វាយរៀង ។

លោកម៉ែន វិបុល អភិបាលខេត្ត បានអរគុណដល់មន្ត្រីរបស់យើង ដែលបានខិតខំក្នុងការស្វែង រកនូវការបណ្តុះបណ្តាល ដើម្បីដុសខាត់ និងអភិវឌ្ឍន៍ សមត្ថភាពរបស់ខ្លួន បើទោះបីជាការបណ្តុះបណ្តាលនោះ ប្រព្រឹត្តិទៅនៅទីណា កន្លែងណាក៏ដោយ ក្នុងនាមថ្នាក់ដឹកនាំខេត្តសូមគាំទ្រ និងលើកទឹកចិត្តជានិច្ច និង សូមកោតសសើរ ចំពោះមន្ត្រីយើងទាំងអស់ បើទោះបីស្ថិតក្នុងបរិបទ នៃជំងឺកូវីដ១៩ ដែលតម្រូវអោយសិក្សា តាមប្រព័ន្ធអនឡាញ ប៉ុន្តែបានខិតខំព្យាយាមរៀនសូត្រ រហូតបញ្ចប់ការ សិក្សាដោយជោគជ័យ និងបានវិលត្រឡប់មកបំពេញ ការងារនៅតាមអង្គភាព-ស្ថាប័ន របស់ខ្លួននាពេលនេះ ។

លោកអភិបាលខេត្តស្វាយរៀង ក៏បានផ្តាំផ្ញើនូវចំណុចសំខាន់ៗមួយចំនួនទៀតដូចជា ៖

១- មន្ត្រី គឺជា ខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាជន ៖ ក្នុងនាមជាមន្ត្រីយើងត្រូវរំលឹកខ្លួនឯងថា ខ្លួនគឺជាអ្នកបម្រើប្រជាជន មិនមែនជាចៅហ្វាយប្រជាជនទេ ត្រូវខិតខំធ្វើអំពើល្អ និងត្រូវបំពេញការងារ ដោយឈរលើមូលដ្ឋាន បម្រើផលប្រយោជន៍ប្រជាជនជាធំ។

២- គុណធម៌ និងសិលធម៌របស់មន្ត្រី ៖ ពេលនៅឲ្យប្រជាជនស្រលាញ់ ពេលចេញឲ្យប្រជាជនរឮក (ជាពិសេសសម្រាប់មន្ត្រីមូលដ្ឋាន)។

៣- កុំតាំងខ្លួនជាមន្ត្រីគ្រាប់ល្ពៅ គឺត្រូវធ្វើជាមន្ត្រីដែលស្មោះត្រង់ចំពោះថ្នាក់ដឹកនាំ ចំពោះអង្គភាព ចំពោះការងាររបស់ខ្លួន និងប្រជាជន។ ត្រូវយកចំណេះដឹង ដែលទទូលបានពីវគ្គសិក្សានេះ ទៅបំពេញការងារ ដោយស្មោះត្រង់ និងឲ្យអស់ពីសមត្ថភាព ដើម្បីជួយកែលម្អរ និងអភិវឌ្ឍន៍ស្ថាប័ន របស់ខ្លួនឲ្យកាន់តែមានការរីកចម្រើន។ ដែលនេះជាការតបស្នងដ៏ធំបំផុត ដល់ប្រធានអង្គភាពរបស់ខ្លួន៕

To Top