ព័ត៌មានអន្តរជាតិ

រដ្ឋាករស្វយ័តដឹកជញ្ជូន សាធារណៈ នឹងពង្រឹងវិន័យ អ្នកបើករថយន្តក្រុង ក្រោយទាស់សំដីយ៉ាងតឹង សរសៃក ជាមួយអ្នកបើកម៉ូតូ

ភ្នំពេញ ៖ ក្រោយមានការទាស់សំដីគ្នា យ៉ាងតឹងសរសៃក ព្រមទាំងកាយវិកាមិន សមរម្យ រវាងអ្នកបើករថយន្តក្រុង ជាមួយអ្នកបើកម៉ូតូដោយសារ តែការបើកវ៉ាជែងគ្នានោះ រដ្ឋាករស្វយ័តដឹកជញ្ជូន សាធារណៈរថយន្តក្រុង នឹងពង្រឹងវិន័យដល់អ្នកបើកបរ រថយន្តក្រុង ដោយធ្វើការអប់រំ ណែនាំកុំឲ្យប្រព្រឹត្ត ទង្វើបែបនេះទៀត ។

ហេតុការណ៍ទាស់សំដីគ្នានេះ បានកើតឡើង កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ក្រោយមានបណ្តាញ សង្គមហ្វេសប៊ុក បានចែកផ្សព្វផ្សាយ ពីរូបភាពបុគ្គលិកឈ្មោះ ម៉ៅ សុផល ភេទប្រុស អ្នកបើកបរ រថយន្តក្រុង ស្លាកលេខរដ្ឋ ៣៧ ៣-០២១៨ ឈ្លោះប្រកែកគ្នារវាងអ្នកបើកបរ ម៉ូតូតាមផ្លូវសាធារណៈ ត្រង់ ចំណុចម្ដុំស្ថានីយ៍ប្រេង Total ផ្លូវ៣០ម៉ែត្រ បុរីសន្តិភាព២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

បើតាមសេចក្តីប្រកាស ព័ត៌មាន របស់រដ្ឋាករស្វយ័តដឹកជញ្ជូន សាធារណៈរថយន្តក្រុង ដើមហេតុបណ្តាល មកពីអ្នកបើកបរ រថយន្តក្រុង បានស៊ីផ្លេទៅ លើអ្នកបើកបរ ម៉ូតូកំពុងបើកបរ នៅទ្រូងផ្លូវដែលជាកន្លែង សម្រាប់រថយន្តធ្វើចរាចរណ៍ ធ្វើឲ្យភាគីខាងម៉ូតូ មានការខឹងសម្បារក៏ជិះតាម និងប្រើពាក្យសម្តីប្រមាថ មើលងាយមួយចំនួនលើអ្នកបើកបរ រថយន្តក្រុង ពេលនោះអ្នកបើកបរ រថយន្តក្រុងទប់អារម្មណ៍ខឹងពុំបាន ក៏បានឈ្លោះប្រកែកគ្នា រកឈ្នះចាញ់រៀងៗខ្លួន ដោយប្រើកាយវិការ និងពាក្យសម្តីមិនសមរម្យ ។

សេចក្តីប្រកាសបញ្ជាក់ថា “ចំពោះទង្វើ និងកាយវិការគ្មានសុជីវធម៌ របស់អ្នកបើកបរដែលបាន ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស អង្គភាពបម្រើសេវាដឹកជញ្ជូន សាធារណៈ ជាពិសេស បានធ្វើឲ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូ សុជីវធម៌សម្រាប់ អ្នកបើកបររថយន្តក្រុង របស់រដ្ឋាករដទៃទៀត រដ្ឋាករស្វយ័តដឹកជញ្ជូន សាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ នឹងពង្រឹងវិន័យលើបុគ្គលិក អ្នកបើកបរខាងលើ ដោយអញ្ជើញគាត់មកធ្វើការអប់រំ ណែនាំ ដោយមានកិច្ចសន្យាមិនអោយគាត់ ប្រព្រឹត្តទង្វើបែបនេះទៀត” ។

ទន្ទឹមនេះ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ក៏អំពាវនាវ ដល់ប្រជាពលរដ្ឋអ្នកបើកបរម៉ូតូទាំងអស់ ចូលរួមចំណែកក្នុងការទុកគន្លង ផ្លូវរថយន្តសម្រាប់រថយន្តធ្វើចរាចរណ៍ ដើម្បីចៀសវាងគ្រោះថ្នាក់កើតឡើង ជាយថាហេតុ ៕

To Top