ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ បានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដ របស់រដ្ឋបាលខេត្តរតនគិរី” វេលាម៉ោង ៩:៣០នាទីព្រឹក នៅទីស្ដីការគណៈរដ្ឋមន្ត្រី សាលសេរីភាព ជាន់ផ្ទាល់ដី។
ប្រវត្តិខេត្តរតនគិរី (ប្រវត្តិខេត្ត – រដ្ឋបាលខេត្តរតនគិរី (ratanakiri.gov.kh))
១. ខេត្តរតនគិរី ចាប់ពីឆ្នាំ១៩៥៩-១៩៧៥
ខេត្តរតនគិរី ស្ថិតនៅភាគឦសាន្ត នៃព្រះរាជាណាចក្រកម្ពុជា ដែលមានចម្ងាយពីរាជធានីភ្នំពេញ៥៨៨គ.ម មានព្រំប្រទល់ខាងកើតជាប់នឹងខេត្តកន្ទូម និងខេត្តយ៉ាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ខាងលិចជាប់នឹងខេត្តស្ទឹងត្រែង ខាងជើងជាប់នឹងខេត្តអត្តពឺ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ និងត្បូងជាប់នឹងខេត្តមណ្ឌលគិរី។ ខេត្តរតនគិរី ត្រូវបានបង្កើតឡើងនៅថ្ងៃអង្គារ ៩កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥០១ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៩៥៩ ព្រះហស្ថលេខាដោយ សម្តេច ព្រះនរោត្តម សុរាម្រិត តាមរយៈសំណើររបស់ទេសរដ្ឋមន្ត្រីទទួលបន្ទុកក្រសួងមហាផ្ទៃ ផូ ព្រឿង និងនាយករដ្ឋមន្ត្រីស្តីទី សុន សាន ដែលត្រូវបានកាត់ចេញពីខេត្តស្ទឹងត្រែង មានតំបន់រដ្ឋបាលនៅស្រុកអណ្តូងពេជ្រ (ស្រុកបរកែវបច្ចុប្បន្ន) និងស្រុកលំផាត់ ដែលមានផ្ទៃដីសរុបចំនួន ១០.៤៥០ គីឡូម៉ែត្រការ៉េ មានស្រុកចំនួន ០៣ គឺស្រុកវើនសៃ មានផ្ទៃដីទំហំ ២.៨១០គីឡូម៉ែត្រការ៉េ(ឃុំប៉ោយ កាឡៃ កោះ គៀក ឡាអិន តាវែង គោកលាក់) ស្រុកអណ្តូងពេជ្រ(បរកែវបច្ចុប្បន្ន) មានផ្ទៃដីទំហំ២.៨១០ ម៉ែត្រការ៉េ(ឃុំកោះញ៉ៃ បាំទុងចត ណាងប៉ាក ប៉ៃហ៊ា ម៉ាក ខឹង ឡាម៉ង) និងស្រុកលំផាត់ មានផ្ទៃដីទំហំ ៥.៤៥០ គីឡូម៉ែត្រការ៉េ(ឃុំលើង ជិប លុងឃុង កាឡែង បាងតាង ឡំបាង នឹក ទើន)។ ស្ថិតនៅក្នុងរបបសង្គមរាស្ត្រនិយមអតីតអភិបាលខេត្ត ដែលនៅក្នុងសម័យនោះហៅថា ប្រធានខេត្ត មានឈ្មោះលោកតា អ៊ុង ញ៉ច ត្រូវបានរាជរដ្ឋាភិបាល តែងតាំងឲ្យដឹកនាំខេត្តរតនគិរី ចាប់ពីឆ្នាំ១៩៥៩ ដល់ឆ្នាំ១៩៦៨ លោកតា ឈូ ស៊ាន ឆ្នាំ១៩៦៨ ដល់ឆ្នាំ១៩៧០ និងលោកតា សង្ស យៀវ ឆ្នាំ១៩៧០ បញ្ចប់ត្រឹមរដ្ឋប្រហារ លន់ ណល់។ ចំណែកឯរបាយប្រជាជនក៏មានចំនួនតិចតួចនៅឡើយ ភាគច្រើនមានតែបងប្អូនជនជាតិដើមភាគតិចដែលជាម្ចាស់ស្រុកប៉ុណ្ណោះដែលរស់នៅច្រើន ពឹងអាស្រ័យទៅលើការធ្វើរបរកសិកម្មពនេចរ និងការបរបាញ់សត្វសម្រាប់ចិញ្ចឹមជីវិត ព្រោះកាលនោះពុំទាន់មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ខ្វាត់ខ្វែងដូចបច្ចុប្បន្នឡើយ។ ស្ថិតនៅក្នុងអន្តរកាលសម័យសង្គមរាស្ត្រនិយម ក្រោមការដឹកនាំរបស់សម្តេចព្រះរមរតនកោដ្ឋ ខេត្តរតនគិរី ដ៏ដូចជាខេត្តផ្សេងៗទៀតប្រជាពលរដ្ឋបានរស់នៅប្រកបដោយសុខដុមរម្យនា ទោះបីជានយោបាយផ្ទៃក្នុងមានការតឹងតែងរវាងក្រុមអ្នកឆ្វេងនិយម និងសម្តេចព្រះនរោត្តម សីហនុ យ៉ាងណាក៏ដោយ តែជាអកុសលនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ រដ្ឋប្រហារដឹកនាំដោយលោកសេនាប្រមុខ លន់ ណល់ បានវាយផ្តួលរំលំរបបដឹកនាំរបស់សម្តេចព្រះ នរោត្តម សីហនុ បង្កទៅជាសង្គ្រាមរាំរ៉ៃផ្ទៃក្នុងប្រទេស។ ក្រោយទម្លាក់សម្តេច ព្រះនរោត្តម សីហនុ ហើយឧត្តមសេនីយ៍ លន់ ណល់ បានប្រកាសបង្កើតសាធារណរដ្ឋខ្មែរ មាននិន្ននាការងាកទៅរករបបដឹកនាំក្រុងវ៉ាស៊ីនតោន ហើយការផ្សាភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធនេះធ្វើឲ្យកម្ពុជារងទុក្ខវេទនាកាន់តែខ្លាំងដោយគ្រាប់បែកអាមេរិកទម្លាក់ពីយន្តហោះ។ ៥ឆ្នាំក្រោយមក ថ្ងៃ១៧ មេសា ឆ្នាំ ១៩៧៥ របបដឹកនាំស៊ីរូងផ្ទៃក្នុងដោយអំពើពុករលួយនិងបក្សពួកនិយមយ៉ាងខ្លាំងក្លាបំផុតទូទាំងផ្ទៃប្រទេសបង្កឲ្យមានចលនាបះបោរជាថ្មីម្តងទៀតផ្តួលរំលំរបប លន់ ណល់ បានដួលរលំខ្ចាត់ខ្ចាយ ហើយចលនាកុម្មុយនីស្ត ប៉ុល ពត ឡើងមកកាន់កាប់ប្រទេសជំនួសវិញ។ ដូច្នេះក្នុងអន្តរកាលនេះ ខេត្តរតនគិរី គឺទទួលបានការអភិវឌ្ឍតិចតួចបំផុត ឬស្ទើតែគ្មានការរីកចម្រើនទាល់តែសោះ ក្រៅពីការខិតខំប្រឹងប្រែងរស់យ៉ាងវេទនាជាទីបំផុតរបស់ប្រជាជន។
២. ខេត្តរតនគិរី ចាប់ពីឆ្នាំ១៩៧៥-១៩៧៩
ក្រោយការដួលរលំនៃរបបដឹកនាំរបស់សេនាប្រមុខ លន់ ណល់ ប្រជាជនកម្ពុជាបានរស់នៅយ៉ាងវេទនាបន្តទៀតក្រោមការដឹកនាំរបស់ ប៉ុល ពត ចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដែលកាលនោះការកាប់សម្លាប់ប្រជាជនកម្ពុជាប្រមាណជាង៣លាននាក់បានស្លាប់ដោយភាពអយុត្តិធម៌បំផុត។ ក្រោយរបបដ៏ឃោឃៅនេះកើតឡើង ក្រុមអ្នកស្នេហាជាតិបានចាប់ផ្តើមធ្វើចលនារំដោះប្រទេសដែលដឹកនាំដោយ សម្តេចទាំងបី មានសម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន រួមជាមួយឥស្សរជនជាន់ខ្ពស់មួយចំនួន ក្នុងនោះមានយុទ្ធជនជនជាតិដើមភាគតិចប្រសូត្រចេញពីភូមិភាគឥសាន្ត ដែលដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ ប៊ូ ថង និងឯកឧត្តម នាយឧត្តមសេនីយ៍ ស៊ើយ កែវ សមមិត្ត ប៊ុន មី មសមិត្ត ថង ម៉ៃ និងយុទ្ធមិត្តរួមអាវុធជាច្រើនរូបទៀត បានចូលរួមក្នុងចលនាវាយរំដោះប្រទេសចេញពីរបបដ៏ខ្មៅងងឹត ប៉ុល ពត រហូតទទួលបានជ័យជំនះនៅថ្ងៃទី០៧ មករា ឆ្នាំ១៩៧៩។ តាមរយៈភស្តុតាងប្រវត្តិសាស្ត្រនេះបង្ហាញយ៉ាងច្បាស់ថា ខេត្តរតនគិរី កាលនោះការគ្រប់គ្រង និងដឹកនាំស្ថិតនៅលើអំណាចយោធា ពុំមានរចនាសម្ព័ន្ធរដ្ឋបាលដែនដីច្បាស់លាស់ឡើយ ដូច្នេះពុំមានការអភិវឌ្ឍអ្វីឡើយ ផ្ទុយទៅវិញមានតែការបំផ្លាញខ្ទេចខ្ទីនូវហេដ្ឋារចនាសម្ព័ន្ធ និងការកាប់សម្លាប់រង្គាលនាសម័យនោះ។
៤.អតីតថ្នាក់ដឹកនាំខេត្តរតនគិរី ចាប់ពីឆ្នាំ១៩៧៩ ដល់បច្ចុប្បន្ន
– ឯកឧត្តម ប៊ូ ជួង (១៩៧៩-១៩៨៨)
ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំស្តារឡើងវិញឡើងវិញនូវរចនាសម្ព័ន្ធរដ្ឋបាលដែនដី និងការគ្រប់គ្រង ក្នុងនោះអតីតអភិបាលខេត្តរតនគិរី ឯកឧត្តម ប៊ូ ជួង បានកាន់តំណែងជាអភិបាលខេត្ត ដឹកនាំខេត្តរតនគិរី ចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៨។ នៅក្នុងចន្លោះនេះទីរួមខេត្តរតនគិរី ត្រូវបានប្តូរពីស្រុកវើនសៃ មកក្រុងបានលុងវិញ នៅឆ្នាំ១៩៨០ ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ព្រឹទ្ធាចារ្យ ប៊ូ ថង និងបានខិតខំអភិវឌ្ឍន៍ រៀបចំហេដ្ឋារចនាសម្ព័ន្ធខេត្តឡើងវិញដូចជា ការរៀបចំប្លង់គោលទីប្រជុំជនក្រុង និងការសាងសង់វារីអគ្គិសនីអូរជុំ ដែលជាវ៉ារីអគ្គិសនីដំបូងគេបង្អស់នៅកម្ពុជា ដែលមានសមត្ថភាពផលិតអគ្គិសនីបាន ១មេហ្កាវ៉ាត់ សម្រាប់ប្រើប្រាស់នៅក្នុងតំបន់ ក្រោមគំនិតផ្តួចផ្តើម និងការដឹកនាំផ្ទាល់ពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍ព្រឹទ្ធាចារ្យ ប៊ូ ថង រួមនិងឥស្សរជនមួយចំនួនទៀត សម្រេចបានជាស្ថាពរនៅឆ្នាំ១៩៩៣។ ក្នុងកំឡុងក្រោយឆ្នាំ១៩៧៩ ជាបន្តបន្ទាប់រាជរាដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតស្រុក និងឃុំថ្មីមួយចំនួនបន្ថែមទៀត រួមមានស្រុកបានលុង ស្រុកអូរយ៉ាដាវ ស្រុកកូនមុំ ស្រុកអណ្តូងមាស ស្រុកតាវែង និងស្រុកអូរជុំ និងបន្ទាប់មកទៀតថ្នាក់ដឹកនាំដែលបានកាន់តំណែងជាអភិបាលខេត្តរួមមាន៖
– លោកជំទាវ ឡាក់ អូន (ឆ្នាំ១៩៨៨-១៩៩៣)
– ឯកឧត្តម ខាំ ឡែន (ឆ្នាំ១៩៩៣-១៩៩៥)
– ឯកឧត្តម កែប ជុតិមា (ឆ្នាំ១៩៩៥-១៩៩៩)
– ឯកឧត្តម ខាំ ខឿន លើកទី១ (១៩៨៨-១៩៩២) លើកទី២(ឆ្នាំ១៩៩៩-២០០៥)
– ឯកឧត្តម មួង ប៉យ (ឆ្នាំ២០០៥-២០០៩)
– ឯកឧត្តម ប៉ាវ ហមផាន (ឆ្នាំ២០០៩-២០១៤)
– ឯកឧត្តម ថង សាវុន (ឆ្នាំ២០១៤-២០២១)
– ឯកឧត្តម ញ៉ែម សំអឿន (ឆ្នាំ២០២១-បច្ចុប្បន្ន)
បច្ចុប្បន្នរដ្ឋបាលខេត្តរតនគិរី មានផ្ទៃដី ១០,៧៨២គីឡូម៉ែត្រការ៉េ ត្រូវបានបែងចែករចនាសម្ព័ន្ធរដ្ឋបាលដែនដីជា ០១ក្រុង ០៨ស្រុក ០៤សង្កាត់ ៤៦ឃុំ និង២៤៣ភូមិ មានប្រជាជនសរុបចំនួន ២០១.៥៤៧នាក់ ស្រីចំនួន ៩៩.២៣៨ នាក់ គ្រួសារសរុបចំនួន ៤៦.០៨៣ គ្រួសារ ពលរដ្ឋមានអាយុ១៨ឆ្នាំឡើងមានចំនួន ១០១.៣៩០នាក់ មានដង់ស៊ីតេប្រជាជន ១៨ នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ (ស្ថិតិឆ្នាំ២០១៨) អត្រាកំណើនប្រជាជនប្រចាំឆ្នាំមាន៣,០៦%។ នៅក្នុងខេត្តរតនគិរី ជាខេត្តមួយចម្រុះដោយជនជាតិដើមភាគតិចមានប្រមាណជាង៦០% នៃប្រជាពលរដ្ឋសរុប មានចំនួន ០៨ ជនជាតិ រួមមាន៖ ជនជាតិទំពួន កាចក់ កាវែត លន់ ព្រៅ ចារាយ ព្នង និងគ្រឹង។