ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអាទិត្យទី៣០ ខែមករា ឆ្នាំ២០២២ អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ចំនួន៣០ម៉ឺនដូស ជំនួយរបស់ប្រទេសប៉ូឡូញ ដែលពិធីនេះធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺជាឧបករណ៍ដ៏ចាំបាច់មួយបន្ថែមពីលើវិធានសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩ និងការពាអាយុជីវិតប្រជាពលរដ្ឋ ពីជំងឺឆ្លងសកលនៃជំងឺកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែន បានសម្រេចយកការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ គឺជាកិច្ចការដ៏ចាំបាច់បំផុត សម្រាប់ការយកឈ្នះលើសត្រូវ ឥតស្រមោលកូវីដ១៩ និងការពារអាយុជីវិតប្រជាពលរដ្ឋ។
ក្នុងនាមជានាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញគ្រប់មធ្យោបាយ ដើម្បីស្វះស្វែងរកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋទាំងការបញ្ចេញថវិកាជាតិទៅទិញ និងស្នើសុំជំនួយពីប្រទេសជាមិត្ត។ មកដល់ពេលបច្ចុប្បន្ននេះកម្ពុជា រកបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបជាង ៤៣លានដូស។ ក្រៅតែពីការបញ្ជាទិញ មានប្រទេសជាច្រើនបានផ្តល់ជំនួយមកកម្ពុជា ទាំងតាមយន្តការទ្វេភាគី និងតាមយន្តការរបស់មជ្ឈមណ្ឌលកូវ៉ាក់។ ប្រទេសដែលបានផ្តល់ជំនួយវ៉ាក់សាំងមកកម្ពុជានោះ មានដូចជា ចិន, ជប៉ុន, អាមេរិក, អង់គ្លេស, អូស្ត្រាលី និងហូឡង់ជាដើម៕