ព័ត៌មានអន្តរជាតិ

អាមេរិក ជំរុញឱ្យចិន ប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ជាមួយរុស្ស៊ី លើវិបត្តិអ៊ុយក្រែន

បរទេស៖ សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឱ្យប្រទេសចិនប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ជាមួយរុស្ស៊ី ដើម្បីជំរុញឱ្យមានដំណោះស្រាយការទូត ចំពោះវិបត្តិអ៊ុយក្រែន ប៉ុន្តែអ្នកជំនាញខាងគោលនយោបាយបានសង្ស័យថា រដ្ឋាភិបាលទីក្រុងប៉េកាំង នឹងគាំទ្ររដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នៅក្នុងការប្រឈមមុខដាក់គ្នានេះ។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បាននិយាយតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ហើយរដ្ឋាភិបាលទីក្រុងប៉េកាំងបាននិយាយថា ខ្លួនចង់ឱ្យភាគីទាំងអស់ រក្សាភាពស្ងប់ស្ងាត់ និង “ជៀសវាងពីការធ្វើអ្វី ដែលធ្វើឱ្យភាពតានតឹង និងបង្កើនវិបត្តិ” ។

ក្រសួងការបរទេសអាមេរិក បាននិយាយថា លោក Blinken បានសង្កត់ធ្ងន់ថា ភាពតានតឹងគួរតែត្រូវបានកាត់បន្ថយ និងព្រមានពីហានិភ័យសន្តិសុខ និងសេដ្ឋកិច្ចពីការឈ្លានពាន ណាមួយរបស់រុស្ស៊ី។

អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការនយោបាយលោកស្រី Victoria Nuland បាននិយាយថា សាររបស់សហរដ្ឋអាមេរិកទៅកាន់ទីក្រុងប៉េកាំងមានភាពច្បាស់លាស់ណាស់៕ប្រែសម្រួលៈ ណៃ តុលា

To Top