បរទេស៖ មន្ត្រីយោធាអាមេរិកម្នាក់ មានវត្តមានសម្រាប់សមយុទ្ធរបស់អ៊ីស្រាអែល ដែលរៀបចំសម្រាប់ការវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ដោយប្រើប្រាស់យន្តហោះចម្បាំងរាប់សិបគ្រឿង, នេះបើយោងតាមរបាយការណ៍របស់ទូរទស្សន៍អ៊ីស្រាអែល KAN ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា សារព័ត៌មាន KAN បានរាយការណ៍កាលពីថ្ងៃអង្គារថា សមយុទ្ធដែលបានចាត់ថ្នាក់បានធ្វើឡើងនៅពាក់កណ្តាលខែមករា ការធ្វើសមយុទ្ធបានប៉ាន់ស្មានថា នឹងមានការវាយប្រហារ “ទ្រង់ទ្រាយធំ” ទៅលើកន្លែងនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ និងបានបង្ហាញពីសេណារីយ៉ូជាច្រើន រួមទាំងការចាក់សាំងនៅកណ្តាលអាកាស ការឆ្លើយតបទៅនឹងគ្រាប់បែកប្រឆាំងយន្តហោះ និងការវាយប្រហាររយៈចម្ងាយឆ្ងាយ។
មន្ត្រីកងទ័ពអាកាសអាមេរិកដែលមិនបញ្ចេញឈ្មោះម្នាក់ ត្រូវបានគេអះអាងថា បានចូលរួមសមយុទ្ធក្នុងនាមជាអ្នកសង្កេតការណ៍ម្នាក់ ដោយបានកត់សម្គាល់ថាវត្តមានរបស់មន្ត្រីនេះគឺមិនធម្មតាសម្រាប់សមយុទ្ធប្រភេទនេះ។
របាយការណ៍នេះធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរវាងមន្ត្រីយោធាអាមេរិក និងរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Benny Gantz ក្នុងខែធ្នូ ក្នុងអំឡុងពេលដែលសមយុទ្ធស្រដៀងគ្នានេះត្រូវបានពិភាក្សា នេះបើយោងតាមមន្ត្រីជាន់ខ្ពស់អាមេរិកដែលដកស្រង់ដោយ Reuters ។ ខណៈពេលដែលមន្ត្រីរូបនេះបានបដិសេធមិនបញ្ជាក់លម្អិតអំពីផែនការនេះ ពួកគេបាននិយាយថា សមយុទ្ធនេះនឹងរៀបចំសម្រាប់ “សេណារីយ៉ូដ៏អាក្រក់បំផុតដើម្បីបំផ្លាញកន្លែងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ប្រសិនបើការទូតត្រូវបរាជ័យ”៕ប្រែសម្រួលៈ ណៃ តុលា