កីឡា

IAEA គាំទ្រកិច្ចខិតខំប្រឹងប្រែង ​សន្តិសុខនុយក្លេអ៊ែររបស់ចិន សម្រាប់កីឡាអូឡាំពិក រដូវរងាទីក្រុងប៉េកាំង

វីយែន៖ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បាននឹងកំពុងជួយដល់ប្រទេសចិន ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីការពារកីឡាអូឡាំពិក រដូវរងានៅទីក្រុងប៉េកាំង ប្រឆាំងនឹងសកម្មភាពឧក្រិដ្ឋកម្ម ឬអំពើភេរវកម្ម ដែលពាក់ព័ន្ធនឹងនុយក្លេអ៊ែរ និងសារធាតុវិទ្យុសកម្មផ្សេងទៀត។

ទីភ្នាក់ងារនេះបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងរយៈពេលពីរខែកន្លងមកនេះ ខ្លួនបានរៀបចំសិក្ខាសាលានិម្មិត និងវគ្គបណ្តុះបណ្តាល ជាមួយអាជ្ញាធរថាមពលអាតូមិកចិន ស្តីពីវិធានការសន្តិសុខនុយក្លេអ៊ែរ និងការផ្ទៀងផ្ទាត់ ការអនុវត្តឧបករណ៍។

ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA ក៏បានផ្តល់កម្ចី ឧបករណ៍ចាប់សញ្ញាវិទ្យុសកម្ម ដើម្បីគាំទ្រដល់ការប្រកួតកីឡាអូឡាំពិករដូវរងា ក្រុងប៉េកាំង នាពេលខាងមុខផងដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកស្រី Elena Buglova នាយកផ្នែកសន្តិសុខនុយក្លេអ៊ែររបស់ IAEA បានលើកឡើងថា “ព្រឹត្តិការណ៍នៅលើមាត្រដ្ឋានកីឡាអូឡាំពិក បង្ហាញពីបញ្ហាប្រឈមផ្នែកសន្តិសុខ ដ៏ស្មុគស្មាញសម្រាប់រដ្ឋជាម្ចាស់ផ្ទះ” ។

លោកស្រីបន្ដថា “កម្រិតសន្តិសុខ និងការឃ្លាំមើលកាន់តែច្បាស់ និងមើលឃើញកាន់តែច្រើន និងការអនុវត្តនីតិវិធីត្រួតពិនិត្យដ៏រឹងមាំ នៅក្នុងព្រឹត្តិការណ៍សាធារណៈធំៗ ដំណើរការយ៉ាងវែងឆ្ងាយ ក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្ម ឬអំពើភេរវកម្ម”៕ ដោយ ឈូក បូរ៉ា

To Top