ព័ត៌មានជាតិ

សម្ដេចតេជោ ក្រើនរំលឹកគណៈកម្មការដឹកនាំរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី ត្រូវបន្ដស្រាវជ្រាវទាក់ទិនទៅនឹងទីតាំង ប្រវត្តិសាស្ដ្រ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានក្រើនរំលឹកដល់គណៈកម្មការ អ្នកដឹកនាំ អ្នកនិពន្ធរឿង និងអ្នកបច្ចេកទេសថត ត្រូវបន្តសិក្សាស្រាវជ្រាវបន្ថែមទៀត ទាក់ទិនទៅនឹងសាច់រឿង និងទីតាំងប្រវត្តិសាស្រ្ត នៃដំណើររឿង តួសំដែងគ្រប់តួអង្គ ក្នុងភាពយន្តភាគរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ បានឲ្យដឹងថា នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយក្រុមការងារផលិតភាពយន្តភាគរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទ័ពេញបរមី។

នាឱកាសនោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា «សូមក្រើនរំលឹកជាថ្មីម្តងទៀតដល់គណៈកម្មការ អ្នកដឹកនាំ អ្នកនិពន្ធរឿង និងអ្នកបច្ចេកទេសថតទាំងអស់ ត្រូវខិតខំបន្តសិក្សាស្រាវជ្រាវឲ្យកាន់តែស៊ីជំរៅ ថែមទៀត ទាក់ទិនទៅនឹងសាច់រឿង និងទីតាំងប្រវត្តិសាស្រ្ត នៃដំណើររឿង តួសំដែងគ្រប់តួអង្គ ទាំងអស់ ក្នុងភាពយន្តភាគរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី ដែលជារឿងភាគមួយ ទាក់ទិនទៅនឹងដំណើរជីវិតពិតរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងសម័យសង្រ្គាម លុន នល់ រដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ការរត់ចូលព្រៃម៉ាកគី សម័យកាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ការឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកកម្លាំងអ្នកស្នេហាជាតិ មករំដោះប្រទេសចេញ ពីរបបប៉ុលពត ការជួបជុំភរិយាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ពិសេសទាក់ទិនទៅនឹងជីវិតពិតរបស់សម្តេចផ្ទាល់ ការចាកចេញពី មាតា បិតា បងប្អូនបង្កើតរបស់សម្តេចពីភូមិកំណើត មកស្វែងរកការសិក្សារៀនសូត្រ នៅរាជធានីភ្នំពេញ ការស្នាក់នៅអាស្រ័យជាមួយព្រះសង្ឃក្នុងវត្តនាគវ័ន្ត ដើម្បីការសិក្សាកុំឲ្យល្ងង់ខ្លៅ»។

សម្តេចតេជោ បានបន្តដាស់តឿន ដល់គណៈកម្មការដឹកនាំ អ្នកនិពន្ធរឿង និងអ្នកបច្ចេកទេសថត ត្រូវយកចិត្តទុកដាក់ឲ្យបានហ្មត់ចត់បំផុត ពីតួសំដែងនៃតួអង្គប្រវត្តិសាស្រ្តនិមួយៗ ក្នុងសាច់រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី ពិសេសតួអង្គមេបញ្ជាការ សំរេច ដែលឆ្លងកាត់នូវធ្វើពលីកម្មសាច់ស្រស់ ឈាមស្រស់ ឆ្លងកាត់សមរភូមិរាប់មិនអស់ រហូតធ្លាក់ខ្លួនពិការភ្នែក និងតួអង្គអ្នកគ្រូពេទ្យ រ៉ានី ដែលសំដៅទៅលើសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

សម្តេចតេជោ បន្ថែមថា ដំណើរសាច់រឿងមួយចំនួនធំ គួរតែចុះថតដោយផ្ទាល់នៅតាមទីតាំងប្រវត្តិសាស្រ្តមួយចំនួន ឯសាច់រឿងមួយចំនួន ត្រូវថតក្នុងស្ទីឌីយោ ហើយតួសម្លែងទៀតសោតត្រូវតែមានការហ្វឹកហាត់ បណ្តុះបណ្តាល ឲ្យមានយល់ដឹងច្បាស់លាស់ និងស៊ីជម្រៅទៅនឹងប្រវត្តិសាស្រ្តពិតដែលបានកើតឡើងទាក់ទិនទៅនឹងសាច់រឿងទាំងមូល។

សូមបញ្ជាក់ថា រឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី ដែលពីដំបូងឡើយគ្រោងថតផលិត ភាពយន្តភាគចំនួន ៤៤ភាគ ឥឡូវក្រុមគណៈកម្មការដឹកនាំរឿង បានពង្រីកនូវសេណារីយូដោយបញ្ជូលនូវតួអង្គប្រវត្តិសាស្រ្តមួយចំនួន និងឈុតឆាកថ្មីៗបន្ថែមទៀត ធ្វើឲ្យអត្ថបទភាពយន្តកើនឡើងរហូតដល់៥២ភាគ ក្រោយទទួលបានអនុសាសន៍ណែនាំពី សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងដោយមានការផ្ចិតផ្ចង់ និងប្រុងប្រយ័ត្នខ្ពស់បំផុត ក្រោមការជួយជ្រោមជ្រែង និងគាំទ្រយ៉ាងពេញទំហឹងពី នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង៕

To Top