ភ្នំពេញ៖ ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ បុលគីយ៉ាស់ (Haji Hassanal Bolkiah) ព្រះមហាក្សត្រនៃប្រទេសព្រុយណេ នឹងយាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ក្នុងពេលខាងមុខនេះ ។ នេះបើតាមលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បង្ហាញក្នុងហ្វេសប៊ុក នៅព្រឹកថ្ងៃទី១០ កុម្ភៈ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឲ្យដឹងទៀតថា លោកបានជួបពិភាក្សាការងារទ្វេភាគី ជាមួយ លោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ របស់ព្រុយណេដារ៉ូស្សាឡាម តាមប្រព័ន្ធវីដេអូ កាលពីរសៀលថ្ងៃទី៩ កុម្ភៈ។
លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា «២០២២ គឺជាឆ្នាំគម្រប់ខួបលើកទី៣០ នៃទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរ។ កម្ពុជាទន្ទឹងរង់ចាំ ដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រនៃ ប្រទេសព្រុយណេ និងដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ដាតូ អ៊ីរីវ៉ាន់ នៅកម្ពុជាក្នុងឆ្នាំនេះ» ។
ក្នុងជំនួបនោះដែរ ប្រមុខការទូតកម្ពុជា លើកឡើងថា ភាគីទាំង២ក៏បានពិភាក្សាអំពី ស្ថានភាពក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសង្ឃឹមថា នឹងអាចបន្តចូលរួមចំណែក ដល់ដំណើរការកសាងសន្តិភាព ដែលជាផលប្រយោជន៍រួម របស់ប្រជាជនមីយ៉ាន់ម៉ាគ្រប់រូប ។
សូមបញ្ជាក់ថា ព្រះចៅស៊ុលតង់ ទ្រង់បានឡើងគ្រងរាជសម្បត្តិ ជាព្រះចៅស៊ុលតង់ នៃប្រទេសប្រ៊ុយណេ នៅឆ្នាំ១៩៦៧ ក្រោយពីព្រះបិតារបស់ព្រះអង្គបានដាក់រាជ្យ។ ព្រះរាជពិធីបរមរាជាភិសេក របស់ព្រះអង្គ បានប្រារព្វធ្វើឡើងនៅក្នុងខែសីហា ឆ្នាំ១៩៦៨។ ព្រះករុណាស៊ុលតង់ ព្រះអង្គជាព្រះប្រមុខរដ្ឋ ក្នុងនាមជាស៊ុលតង់ផង និងជាប្រមុខរដ្ឋាភិបាល ក្នុងនាមជានាយករដ្ឋមន្រ្តីផង បន្ថែមលើនោះព្រះករុណាព្រះចៅស៊ុលតង់ ព្រះអង្គកាន់តំណែងជារដ្ឋមន្រ្តីការពារជាតិ រដ្ឋមន្រ្តីហិរញ្ញវត្ថុ រដ្ឋមន្រ្តីការបរទេស និងជាមេបញ្ជាការកំពូល នៃកងទ័ពជាតិ ប្រមុខសាសនាឥស្លាម ប្រមុខស្ថាប័នគយ និងជាអគ្គាធិការ នៃអគ្គាធិការដ្ឋានកងកម្លាំង នគរបាលជាតិប្រ៊ុយណេផងដែរ។ ដូចព្រះបិតារបស់ទ្រង់ដែរ ។ ព្រះអង្គត្រូវបានផ្តល់ឋានៈអស្សឬទ្ធិ ដោយព្រះមហាក្សត្រីយានី Elizabeth ទី២ នៃចក្រភពអង់គ្លេស ដែលប្រ៊ុយណេជារដ្ឋក្នុងអាណាព្យាបាល រហូតដល់ឆ្នាំ១៩៨៤។ នេះបើតាមឯកសារចេញផ្សាយដោយ គណៈរដ្ឋមន្រ្តីកម្ពុជា កាលពីឆ្នាំ២០១៧ ៕