ព័ត៌មានជាតិ

លោកស្រី ឱ វណ្ណឌីន ប្រាប់ពលរដ្ឋ ឲ្យត្រៀមខ្លួនជាស្រេច ចំពោះអូមីក្រុង ដើម្បីកុំឲ្យហួសបន្ទាត់ក្រហម

ភ្នំពេញ ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានប្រាប់ប្រជាពលរដ្ឋ ឲ្យត្រៀមខ្លួនជាស្រេច សម្រាប់ការឆ្លើយតបទៅនឹង ការអាចកើនឡើង ជាបន្តបន្ទាប់ នៃការឆ្លងអូមីក្រុង ដើម្បីកុំឲ្យហួសបន្ទាត់ក្រហម ។

យោងតាមលិខិត របស់លោកស្រី ឱ វណ្ណឌីន នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ បានអំពាវនាវដ៏ទទូច ដោយសារការ ចម្លងវីរុសកូវីដ-១៩ បច្ចុប្បន្នស្ថិត នៅក្នុងសភាព ចំនួនជាង៣ខ្ទង់ ជារៀងរាល់ថ្ងៃ គួរឲ្យព្រួយបារម្ភ ដូច្នេះបុគ្គលគ្រប់រូបត្រូវ តែបន្តអនុវត្តវិធានការបង្ការ ការចម្លងវីរុសកូវីដ-១៩ ឲ្យបានហ្មត់ចត់ជាទីបំផុត ពីឥឡូវនេះទៅ ដើម្បីកាត់ផ្តាច់ខ្សែចម្លងលឿននៃអូមីក្រុង នាពេលនេះ ដោយអនុវត្តជា ចាំបាច់នូវ «៣ការពារ និង៣កុំ ព្រមទាំងនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឫដូសជំរុញ» ឲ្យបានទាន់ពេលវេលា ដើម្បីជៀសវាងការសោកស្ដាយ អ្នកព្រោះ Omicron កំពុងតែចរាចរឆ្លងយ៉ាងលឿននៅ ក្នុងសហគមន៍របស់កម្ពុជា ។

លោកស្រីបញ្ជាក់ថា «អូមីក្រុង មកដល់ហើយ បងប្អូនយើងអើយសូមប្រុងប្រយ័ត្ន ចូលរួមទប់ស្កាត់ឲ្យបានទាន់ពេល មិនត្រូវបណ្ដោយឲ្យឆ្លងរាលដាល ត្រៀមខ្លួនគ្រប់ពេល ការពារកាយា ពីការវ៉ៃលុកនៃកូវីដ-១៩។ សូមត្រៀមខ្លួនជាស្រេច សម្រាប់ការឆ្លើយតបទៅនឹងការអាចកើនឡើងជាបន្តបន្ទាប់ នៃការឆ្លងអូមីក្រុង ដែលកើតមាននៅពេលនេះ ដើម្បីកុំឲ្យហួសខ្សែបន្ទាត់ក្រហម»។

លោកស្រីអ្នកនាំពាក្យបន្ថែមថា កុំភ្លេច «៣ការពារ ៣កុំ» និងចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវរួមគ្នាអនុវត្តពី ឥឡូវនេះតទៅ និងកាត់បន្ថយ ការជួបជុំមនុស្សច្រើន ព្រមទាំងការប្រមូលផ្តុំគ្នា បរិភោគអាហារ ក្នុងទ្រង់ទ្រាយធំជាចាំបាច់ ទើបចៀសផុត ពីមហន្តរាយសុខភាពសាធារណ: និងការស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩។

សូមរំលឹកថា គិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១២២,៤៦៨នាក់, ក្នុងនោះអ្នកជាសះស្បើយ ចំនួន១១៨,៤២០នាក់ និងស្លាប់ ចំនួន៣,០១៥នាក់៕

To Top