ព័ត៌មានជាតិ

ទូតបារាំងជួបក្រុមអង្គការ និងតំណាងស្ថាប័នបារាំងនានា ផ្តោតលើការចូលរួម ចំណែកអភិវឌ្ឍន៍កម្ពុជា

ភ្នំពេញ ៖ លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានបើកការជួបជុំ រវាងអង្គការក្រៅរដ្ឋាភិបាល និងតំណាងស្ថាប័នបារាំងនានា នៅក្នុងស្ថានទូត ។ ជំនួបនេះបានធ្វើឡើងនៅថ្ងៃ៩ កុម្ភៈ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃ១១ កុម្ភៈ បានឲ្យដឹងថា ជំនួបនេះបានប្រព្រឹត្តទៅ ដោយមានការចូលរួម ពីតំណាងអង្គការក្រៅរដ្ឋាភិបាលបារាំង ជាង៥០នាក់ ក៏ដូចជាតំណាងស្ថាប័នបារាំង និងអឺរ៉ុបជាច្រើននាក់ទៀត ដែលជាឱកាសពិភាក្សាគ្នា អំពីការបំពេញបេសសកម្ម ឆ្ពោះទៅសម្រេចគោលដៅរួម គឺការរួមចំណែកក្នុងការអភិវឌ្ឍកម្ពុជា ។

ក្នុងនោះប្រតិបត្តិករ នៃក្រសួងអឺរ៉ុប និង ការបរទេសបារាំង បានបង្ហាញនូវសកម្មភាពរបស់ខ្លួននៅកម្ពុជា។ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ដែលប្រារព្ធ ខួប៣០ឆ្នាំ របស់ខ្លួននៅឆ្នាំនេះ បានផ្តល់ហិរញ្ញប្បទាន ជាង៨៨០លានអឺរ៉ូដល់កម្ពុជា ចាប់តាំងពីការបង្កើត ការិយាល័យ នៃស្ថាប័ន នេះ នៅកម្ពុជា ។ មួយផ្នែកនៃហិរញ្ញប្បទាននេះ ត្រូវបានផ្តល់ទៅអង្គការក្រៅរដ្ឋាភិបាល ។ អង្គការបារាំង ហ្វ្រង់វ៉ូឡុងទែរ ដែលជាបណ្តាញអ្នកស្ម័គ្រ ចិត្តអន្តរជាតិមួយ មានវត្តមាននៅកម្ពុជាចាប់តាំងពីឆ្នាំ២០០២ ។ អង្គការនេះជួយជ្រោមជ្រែង និងដឹកនាំបណ្តាញ អ្នកស្ម័គ្រចិត្តនៅកម្ពុជា ដើម្បីលើកកម្ពស់ និងអភិវឌ្ឍន៍ការងារស្ម័គ្រចិត្ត ប្រកបដោយគុណភាព បើកទូលាយដល់មនុស្សគ្រប់រូប និងផ្លាស់ប្តូរទៅវិញទៅមក។

លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានកោតសរសើរអង្គការក្រៅរដ្ឋាភិបាលបារាំងជាច្រើនដែលបំពេញការងារនៅកម្ពុជា ដោយមួយចំនួនបានដំណើរការជាច្រើនឆ្នាំមកហើយ។ អង្គការបារាំងខ្លះបំពេញការងារពីប្រទេសបារាំង ក្នុងភាពជាដៃគូជាមួយអង្គការក្នុងស្រុក រីឯមួយខ្លះទៀតមានការិយាល័យតំណាងនៅកម្ពុជា។ អង្គការបារាំងផ្តោតសកម្មភាពច្រើននៅក្នុងវិស័យអប់រំ សុខាភិបាល និងសមភាពយែនឌ័រ។ ផលប៉ះពាល់ផ្នែក សេដ្ឋកិច្ច និងសង្គមនៃវិបត្តិកូវីដ១៩ បានជំរុញឲ្យអង្គការបារាំង ជាច្រើន បែងចែកមួយផ្នែក នៃថវិការបស់ខ្លួន ដើម្បីផ្តល់ជំនួយ បន្ទាន់ដល់ប្រជាជន ដែលជួបការលំបាកបំផុត ។

បារាំងប្រើប្រាស់០,៥៥% នៃប្រាក់ចំណូលជាតិដុលរបស់ខ្លួន សម្រាប់ជំនួយសាធារណៈសម្រាប់ការអភិវឌ្ឍ ក្នុងឆ្នាំ២០២២។ អង្គការក្រៅរដ្ឋាភិបាល នឹងនៅតែជាតួអង្គសំខាន់ ដោយហេតុថា ចំនួនទឹកប្រាក់ នៃជំនួយសាធារណៈសម្រាប់ការអភិវឌ្ឍផ្តល់ឲ្យគម្រោងនានា ដែលត្រូវបានដាក់ដំណើរ ការដោយអង្គការសង្គម ស៊ីវិលសកម្ម ក្នុងវិស័យអភិវឌ្ឍន៍ អន្តរជាតិ នឹងមានការកើនឡើង ពីរដងនៅឆ្នាំ២០២២ ធៀបនឹងចំនួនទឹកប្រាក់ នៃជំនួយសាធារណៈសម្រាប់ការអភិវឌ្ឍឆ្នាំ២០១៧ ៕

To Top