ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឱ្យដឹងថា យន្តការដេញថ្លៃនាំចូលជ្រូករស់ ផ្គត់ផ្គង់មកកម្ពុជា នឹងត្រូវបានយកមកអនុវត្ត ក្នុងករណីដែលមានការខ្វះជ្រូកតែប៉ុណ្ណោះ។
តាមរយៈសេចក្ដីប្រកាសព័ត៌មាន ក្រសួងបញ្ជាក់ថា ៖ក្នុងគោលដៅធានាឱ្យមានការ យល់ដឹងច្បាស់លាស់ និងជៀសវាងការភាន់ច្រឡំ អំពីគោលបំណងន គំនិតផ្តួចផ្តើមរៀបចំយន្តការដេញថ្លៃ នាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា ក្នុងចំណោមសាធារណមតិ, ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបដូចតទៅ៖
(១) យន្តការដេញថ្លៃនាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជាត្រូវបានរៀបចំឡើង ក្នុងគោលបំណងការពារ ទាំងអ្នកចិញ្ចឹម និងអ្នកប្រើប្រាស់ (អ្នកហូបសាច់ជ្រូក) ។ យន្តការដេញថ្លៃនាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា នេះ នឹងត្រូវបានយកមកអនុវត្ត ក្នុងករណីដែលមានការខ្វះជ្រូកតែប៉ុណ្ណោះ ។ ជាគោលការណ៍ រាជរដ្ឋាភិបាល តែងតែលើកទឹកចិត្តអ្នកចិញ្ចឹមក្នុងស្រុកឱ្យមានលទ្ធភាពផ្គត់ផ្គង់ជ្រូកឱ្យបានគ្រប់គ្រាន់ ជាមួយនឹងកម្រិតថ្លៃ សមរម្យ ដោយមិនចាំបាច់មានការនាំចូល ។ ក្នុងករណីចាំបាច់មានតម្រូវការនាំចូលដើម្បីបំពេញសេចក្តីត្រូវការ ប្រើប្រាស់ក្នុងស្រុក ក៏ដូចជារក្សាថ្លៃសាច់ជ្រូកឱ្យស្ថិតនៅក្នុងកម្រិតមួយសមរម្យ យន្តការនេះនឹងពឹងផ្អែកលើ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាស្ថាប័នក្នុងការ (១).កំណត់កូតានៃបរិមាណនាំចូល, (២).កំណត់គុណវុឌ្ឈនៃក្រុមហ៊ុននាំចូល, និង(៣).ធ្វើការដេញថ្លៃដោយតម្លាភាព ។ ជារួម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាស្ថាប័នដែលមានតួនាទីក្នុងការកំណត់នូវចំនួនជ្រូករស់ដែលត្រូវនាំចូល ដើម្បី បំពេញតម្រូវការទីផ្សារក្នុងករណីចាំបាច់តែប៉ុណ្ណោះ ។ ជាមួយគ្នានេះ ការរៀបចំយន្តការដេញថ្លៃនេះ គឺដើម្បី ទាក់ទាញក្រុមហ៊ុនចូលរួមឱ្យបានច្រើន – ក្នុងការដេញថ្លៃការនាំចូលជ្រូករស់ សំដៅបង្កើនការប្រកួតប្រជែង និងធានាការផ្គត់ផ្គង់ជ្រូករស់ក្នុងកម្រិតថ្លៃមួយសមរម្យ ។
(២) យន្តការដេញថ្លៃនាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា ដែលកំពុងត្រូវបានរៀបចំដោយក្រុម ការងារអន្តរក្រសួង ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាស្ថាប័នដឹកនាំសម្របសម្រួលរួម, មានគោល បំណងសំខាន់ គឺ ជួយលើកកម្ពស់ការប្រកួតប្រជែងប្រកបដោយតម្លាភាព ក្នុងការធ្វើអាជីវកម្មនាំចូលជ្រូក រស់ ។ ការណ៍នេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការធានានិរន្តភាពនៃការចិញ្ចឹមជ្រូករបស់កសិករ ព្រមទាំងរក្សាឱ្យបាននូវស្ថិរភាពថ្លៃជ្រូករស់ និងផ្លែសាច់នៅលើទីផ្សារក្នុងកម្រិតមួយសមរម្យ សំដៅជួយទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ក្នុងបរិបទនៃប្រក្រតីភាពថ្មី ក្នុងការរស់នៅជាមួយនឹងជំងឺកូវីដ ១៩ ។
(៣) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសូមជម្រាបជូនផងដែរថា ដើម្បីចូលរួមជំរុញការចិញ្ចឹមជ្រូក ក្នុងស្រុកសំដៅកាត់បន្ថយការនាំចូល និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនអ្នកចិញ្ចឹមសត្វ) នាពេល កន្លងមក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ជាបន្ទុករបស់រដ្ឋនូវអាករតម្លៃបន្ថែមលើជ្រូករស់ និងបាន ផ្តល់ឥណទានក្នុងអត្រាការប្រាក់ទាប តាមរយះធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ទៅវិស័យកសិកម្ម រាប់បញ្ចូលទាំងអនុវិស័យចិញ្ចឹមជ្រូកផងដែរ ។ បន្ថែមពីនេះ, ដើម្បីបង្កើនភាពប្រកួតប្រជែងនៃអនុវិស័យ ចិញ្ចឹមជ្រូកក្នុងរយៈពេលមធ្យម និងវែង, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានសហការជាមួយក្រសួង ពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើការសិក្សាអំពីការវិភាគថ្លៃដើមផលិតកម្មន ការចិញ្ចឹមជ្រូក និងកំពុងរៀបចំវិធានការជាក់លាក់ពាក់ព័ន្ធនឹងថ្លៃអគ្គិសនី ចំណី ពូជ ជីវសុវត្ថិភាព ជាដើម ដើម្បីកាត់បន្ថយថ្លៃដើមនៃការចិញ្ចឹម ។