កំពង់ចាម ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៣ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម លោក ស្រី កានឿន បានសម្ដែងពីមោទនភាព ដោយមើលឃើញពីភាពរីករាយរបស់ប្រជាពលរដ្ឋ ចំពោះដំណើរការអភិវឌ្ឍ របស់លើគ្រប់វិស័យ របស់រដ្ឋបាលខេត្តកំពង់ចាម ។
លោកស្រី កានឿន បានមានប្រសាសន៍ទៀតថា ថ្វីត្បិតតែ ឆ្នាំ២០២១ កន្លងទៅនេះ រដ្ឋបាលខេត្ត មានការមមាញឹក ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង និងជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ក៏ប៉ុន្តែការខិតខំប្រឹងប្រែង របស់រដ្ឋបាលខេត្ត ដែលមានលោក អ៊ុន ចាន់ដា ជាគណៈអភិបាលខេត្ត បានរួមឯកភាព គ្នា ជាធ្លុងមួយ ជាមួយថ្នាក់ដឹកនាំមន្ទីរក្រោមឱវាទទាំងអស់ ដែលធ្វើឱ្យប្រជាពលរដ្ឋ ទទួលបានភាពកក់ក្តៅ ទាំងការងារ សន្តិសុខសណ្ដាប់ធ្នាប់ ការងារសេដ្ឋកិច្ច ធ្វើឱ្យការរស់នៅរបស់ពួកគាត់មានភាព កាន់តែល្អប្រសើរឡើង ។ ហើយនៅដើមឆ្នាំ ២០២២ នេះ ផែនការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តជាច្រើន កំពុងតែដំណើរការ ដើម្បីបន្ថែមសម្រស់ក្នុងខេត្តកំពង់ចាម បន្តពីថ្នាក់ដឹកនាំខេត្តពីមុនៗ។
ជាមួយគ្នានេះដែរ លោក ប៉ុង យ៉េនសមាជិកក្រុមប្រឹក្សាខេត្ត បានថ្លែងអំណរគុណ ដល់ចំណាត់ការ របស់លោកអភិបាលខេត្ត ដែលបានសាងសង់ផ្លូវបេតុង តាមបណ្ដាលសង្កាត់ ក្នុងក្រុងកំពង់ចាម ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ទៅតាមសំណូមពរ របស់សមាជិកក្រុមប្រឹក្សាខេត្តនា ពេលកន្លងមក ។ ហើយ លោក បានសំណូមពរសូមឲ្យខាងមន្ទីរ សាធារណការនិងដឹកជញ្ជូនខេត្ត ចុះពិនិត្យនិងជួសជុលផ្លូវសំបុកមាន់ នៅចំណុចផ្សារព្រែកដើមចាន់ ប្រវែងប្រហែល ១០០ម៉ែត្រ និងផ្លូវសូរិយវរ្ម័ន ជាង ១.០០០ ម៉ែត្រ ក្នុងសង្កាត់សំបួរមាសនោះដែរ ដើម្បីសម្រួលដល់ការលក់ដូរ និងធ្វើដំណើររបស់ប្រជាពលរដ្ឋ ។
ដោយឡែក លោកស្រី អនហេង លក្ខិណា សមាជិកក្រុមប្រឹក្សាខេត្ត ក្រៅពីការគាំថ្នាក់ដឹក នាំខេត្ត ក៏បានសំណូមពរ សូមឲ្យស្ថាប័នមន្ទីរ អប់រំយុវជននិងកីឡាខេត្ត ពិនិត្យឡើងវិញ ទាក់ទងទៅនឹងការតម្រូវ ឲ្យបង់ថ្លៃរៀនគួរ មានតម្លៃខ្ពស់របស់លោកគ្រូ អ្នកគ្រូ ដែលប្រការនេះ ធ្វើឱ្យមានការប៉ះពាល់ សតិអារម្មណ៍ដល់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាជីវភាព ដោយសារពួកគាត់មានកូនច្រើន ហើយតម្រូវឲ្យកូនៗសិក្សាបន្ថែមក្រៅម៉ោងរដ្ឋ ។
ឆ្លើយតបទៅនឹងសំណូមពរ របស់សមាជិកក្រុមប្រឹក្សាខេត្ត ក្នុងការជួសជុលផ្លូវសំបុកមាន់ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំដល់មន្ទីរជំនាញ ចុះធ្វើកិច្ចការនេះបន្ទាន់ ដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ ។
ដោយឡែកទាក់ទង ទៅនឹងវិស័យអប់រំ (ការបង្រៀនគួរយកតម្លៃថ្លៃ ) អាចជាករណីបុគ្គលមួយចំនួនតូចតែប៉ុណ្ណោះ ដែលប្រការនេះរដ្ឋបាលខេត្ត ក៏ដូចជាមន្ត្រីមន្ទីរ អប់រំយុវជននិងកីឡាខេត្ត តែងតែបានណែនាំដល់គ្រូបង្រៀនរួចមកហើយ ពោល គឺមិនអនុញ្ញាតឲ្យសិស្សបង់លុយលើការសិក្សា ឬលើឯកសារនោះទេ ។ ហើយប្រការនេះ លោកអភិបាលខេត្ត បានណែនាំឲ្យមន្ត្រីមន្ទីរអប់រំយុវជន និងកីឡាខេត្តជាថ្មី ឲ្យជួយពិនិត្យមើលឡើងវិញ ធ្វើយ៉ាងណាឱ្យពួកគាត់យកថ្លៃរៀនគួរ ក្នុងកម្រិតមួយសមរម្យ ដែលប្រជាពលរដ្ឋអាចទទួលយកបាន និងចៀសវាងការដាក់សម្ពាធ ឬការបង្ខិតបង្ខំ ពាក់ព័ន្ធនឹងការដាក់ពិន្ទុ នៅក្នុងម៉ោងសិក្សារបស់រដ្ឋ ៕