បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រឹកថ្ងៃអង្គារនេះ បានឲ្យដឹងថាមេដឹកនាំ របស់អាមេរិកនិងអង់គ្លេស បានបន្តក្តីសង្ឃឹមថា នៅតែមានចំពោះដំណោះស្រាយ បែបការទូតចំពោះ បញ្ហាវិបត្តិនៅអ៊ុយក្រែន ប៉ុន្តែក៏បានព្រមានថា ស្ថានភាពបច្ចុប្បន្ន នៅមានតែមានភាព ផុយស្រួយនិងគ្រោះថ្នាក់ នៅឡើយ។
នៅក្នុងកិច្ចសន្ទនាគ្នា ដែលមានរយៈពេល៤០នាទី លោកប្រធានាធិបតីអាមេរិក Joe Biden និងនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានព្រមព្រៀងជាមួយគ្នា ថានឹងបន្តធ្វើឲ្យមានសង្ឃឹម ចំពោះដំណោះស្រាយ ជារួមមួយទោះបីជាលក្ខខណ្ឌ នៃសកម្មភាពយោធារបស់រុស្សី នៅតែមានភាពគ្រោះថ្នាក់ នៅឡើយក្តី។
រហូតមកដល់ពេលនេះ រុស្សីនៅតែបានបន្តធ្វើការបដិសេធថា មិនមានផែនការក្នុងវាយប្រហារ ទៅលើប្រទេសអ៊ុយក្រែននោះទេ ទោះបីជាបានចល័តទ័ពរបស់ខ្លួន រហូតទៅដល់ជាង១០ម៉ឺននាក់ នៅតាមបណ្តោយព្រំដែន ជាមួយនឹងអ៊ុយក្រែនក្តី។
បច្ចុប្បន្នបណ្តាប្រទេសជាច្រើន បានសម្រុកនាំគ្នា ដកទូតចេញពីប្រទេសអ៊ុយក្រែន ទៅហើយព្រមទាំងពលរដ្ឋរបស់ខ្លួនផង ខណៈដែលអាមេរិកបានអះអាងថាសកម្មភាព ទំលាក់គ្រាប់បែកតាមតំបន់ នឹងចាប់ផ្តើមធ្វើឡើង ក្នុងពេលឆាប់ៗនេះ៕
ប្រែសម្រួល៖ស៊ុនលី