ភ្នំពេញ: សាលារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ ទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២២ នេះ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោស ស្ត្រីជាប់ចោទ ម្នាក់ ដាក់គុក ១ ឆ្នាំ តែទោសអនុវត្តនៅក្នុងពន្ធនាគារ គឺកំណត់ត្រឹមតែ ១ខែ និង ៦ ថ្ងៃ ប៉ុណ្ណោះ (គិតចាប់ថ្ងៃឃុំខ្លួន និង ថ្ងៃដោះលែង ក្រៅឃុំបណ្តោះអាសន្ន), ទោសនៅសេសសល់ ត្រូវប្រកាសព្យួរទាំងអស់ ជាប់ពាក់ព័ន្ធនឹងការលក់ និង ជួញដូរភ្លុកដំរី ដោយខុសច្បាប់ ប្រព្រឹត្ត នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពី អំឡុងខែ សីហា ឆ្នាំ ២០២១។
លោកសេង លាង ជាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងអោយដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ ធី សុម៉ាលី ភេទ ស្រី អាយុ ២២ ឆ្នាំ មុខរបរ លក់វត្ថុបុរាណ និង គ្រឿងអនុស្សាវរីយ៍ មានទីលំនៅ ផ្ទះលេខE43 ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនជាប់ចោទឈ្មោះ ធី សុម៉ាលី ត្រូវបានតំណាងអយ្យការចោទ តាមបញ្ញត្តិមាត្រា ៩៨ នៃ ច្បាប់ស្តីពីព្រៃឈើ និង ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២១។
សមត្ថកិច្ចនគរបាលជំនាញ ដកហូតបានភ្លុកដំរីឆ្លាក់រួច ចំនួន១៥ដុំ មាន ទង្ងន់០,៩០គីឡូក្រាម និងភ្លុកដំរីមិនទាន់ឆ្លាក់ ចំនួន៦០ដុំទង្ងន់១,៥០គីឡូក្រាម៕
ដោយ: លីហ្សា