ព័ត៌មានអន្តរជាតិ

វៀតណាម បញ្ចប់ការរឹតត្បិតជំងឺកូវីដ-១៩ ជាផ្លូវការលើជើងហោះហើរអន្ដរជាតិ

ហាណូយ ៖ ប្រទេសវៀតណាម បានលុបចោលជាផ្លូវការ នូវការរឹតត្បិតជំងឺកូវីដ-១៩ ទាំងអស់លើភាពញឹកញាប់ នៃជើងហោះហើរអន្តរជាតិ ចាប់ពីថ្ងៃអង្គារម្សិលមិញនេះ ដែលនេះជាលើកទីមួយហើយ ដែលបណ្តាញអាកាសចរណ៍ របស់ខ្លួនអាចដំណើរការឡើងវិញ បានពេញលេញបន្ទាប់ពីការបិទ ព្រំដែនជិតពីរឆ្នាំ ។

នៅក្នុងការជូនដំណឹងចុងក្រោយបំផុត ដែលបានចេញផ្សាយនៅលើគេហទំព័រ របស់ខ្លួន អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) បានឲ្យដឹងថា ខ្លួនបានលុបចោលការរឹតបន្តឹង លើការដឹកជញ្ជូនអ្នកដំណើរលើជើងហោះហើរ អន្តរជាតិទាំងអស់ ប៉ុន្តែអ្នកដំណើរដែលចូលមក ប្រទេសវៀតណាម នឹងត្រូវអនុវត្តតាមបទប្បញ្ញត្តិ បច្ចុប្បន្នស្តីពីការចូល និងការការពារ និងការគ្រប់គ្រងជំងឺរាតត្បាត ។

ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានរាយការណ៍ថា CAAV មានភារកិច្ចពិភាក្សាជាមួយអាជ្ញាធរ អាកាសចរណ៍បរទេស ដើម្បីបន្តជើងហោះហើរ ធម្មតាដូចមុនពេលជំងឺរាតត្បាត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ភាពញឹកញាប់នៃជើងហោះហើរលើផ្លូវនានានឹងត្រូវបានបង្កើនជាបណ្តើរៗក្នុងផែនទីបង្ហាញផ្លូវ ដើម្បីធានាគោលការណ៍ សុវត្ថិភាព បត់បែន សម្របខ្លួនទៅនឹងការគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព បង្កើតលក្ខខណ្ឌអំណោយផល សម្រាប់សកម្មភាពធ្វើដំណើរ ដោយមានការអនុវត្តយ៉ាងតឹងរឹង នូវគោលការណ៍ណែនាំស្តីពីការត្រួតពិនិត្យ ផ្នែកវេជ្ជសាស្ត្រលើអ្នកដំណើរ ដែលចូលមកប្រទេសវៀតណាម៕

ដោយ ឈូក បូរ៉ា

To Top