ព័ត៌មានអន្តរជាតិ

ក្នុងរយៈពេល២៤ម៉ោង ឥណ្ឌា រកឃើញអ្នកឆ្លង ជំងឺកូវីដ-១៩ថ្មី ជាង២២.០០០នាក់

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នំា២០២២ថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ របស់ប្រទេសឥណ្ឌា បានកើនឡើងដល់៤២.៨០២.៥០៥នាក់គិតត្រឹមថ្ងៃសៅរ៍នេះ ខណៈដែលករណីថ្មីចំនួន២២.២៧០នាក់ត្រូវបានចុះបញ្ជី ក្នុងរយៈពេល២៤ម៉ោង កន្លងមកនៅទូទាំងប្រទេស ដែលនេះជាការបង្ហាញ ទិន្នន័យចុងក្រោយ របស់ក្រសួងសុខាភិបាល សហព័ន្ធរបស់ប្រទេសនេះ ។

ក្រៅពីនេះ មានអ្នកស្លាប់ចំនួន៣២៥នាក់ ដោយសារជំងឺរាតត្បាត ចាប់តាំងពីព្រឹកថ្ងៃសុក្រ បានធ្វើឱ្យចំនួនអ្នកស្លាប់ សរុបកើនដល់៥១១.២៣០នាក់ ។

នៅតែមាន២៥៣.៧៣៩ករណីសកម្មនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេស ទោះបីជាមានការធ្លាក់ចុះចំនួន៣៨.៣៥៣ករណីសកម្មក្នុងរយៈពេល២៤ម៉ោងកន្លងមកក៏ដោយ ។ នេះគឺជាថ្ងៃទី២៦ជាប់ៗគ្នា ដែលចំនួនករណីសកម្មបានធ្លាក់ចុះនៅក្នុងប្រទេស ។

មនុស្សសរុបចំនួន៤២.០៣៧.៥៣៦នាក់ត្រូវបានព្យាបាល និងចាកចេញពីមន្ទីរពេទ្យដោយជោគជ័យ ដែលក្នុងនោះ ៦០.២៩៨នាក់ត្រូវបានឲ្យចាកចេញពីមន្ទីរពេទ្យវិញក្នុងអំឡុងពេល២៤ម៉ោងកន្លងមកនេះ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top