ព័ត៌មានជាតិ

សម្តេចតេជោ សុំឲ្យពលរដ្ឋ កុំប្រមាថ អូមីក្រុងថា មិនអាចសម្លាប់មនុស្សបាន

ភ្នំពេញ ៖ ដោយសារតែនៅកម្ពុជា ជាពិសេសរាជធានីភ្នំពេញ កំពុងតែបន្តរីករាលដាលមេរោគបំប្លែងថ្មី អូមីក្រុង កើនឡើងប៉ុន្មានថ្ងៃនេះ និងឈានដល់មានមនុស្សស្លាប់៣ថ្ងៃជាប់ៗគ្នា ខណៈអ្នកឆ្លងជំងឺកូវីដ១៩ ត្រូវបានព្យាបាលជាសះស្បើយ មិនមានការស្លាប់ អស់រយៈពេលជាង១ខែកន្លងទៅនេះ ក្នុងពិធីបើកការដ្ឋានសាងសង់ ស្ថាននីយ៍ប្រព្រឹត្តកម្មទឹកកង្វក់បឹងជើងឯក នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចតេជោ បានអំពាវនាវឲ្យពលរដ្ឋទាំងអស់ អនុវត្តវិធានការសុខាភិបាល ៣កុំ និង៣ការពារ ដោយកុំប្រមាថថា មេរោគបំប្លែងថ្មី អូមីក្រុង មិនអាចសម្លាប់មនុស្សបាន ដោយសារតែបានទទួលវ៉ាក់សាំងហើយក៏ដោយ ។

សម្តេចតេជោបានមានប្រសាសន៍ថា “បីថ្ងៃជាប់គ្នាហើយ ដែលយើងមានមនុស្សស្លាប់ (ស្លាប់ដោយសារកូវីដ) ម្សិលម្ងៃ២ ម្សិលមិញ៣ ថ្ងៃនេះ២ ជិត១ខែកន្លះ យើងអត់មានមនុស្សស្លាប់នោះទេ ប៉ុន្តែ៣ថ្ងៃជាប់គ្នាហើយ ដែលយើងមានមនុស្សស្លាប់ ។ ចឹងទេ សូមកុំប្រមាថឲ្យសោះ ថាអូមីក្រុងនេះ វាមិននាំទៅដល់ការស្លាប់ ។ ពិតហើយការឆ្លង ឥឡូវនៅកម្ពុជា វាបាត់អាដែលតា បាត់អាហ្វាល នៅសល់អូមីក្រុង ប៉ុន្តែនៅពេលដែលជំងឺរបស់យើងទន់ខ្សោយ សេរីរាង្គរបស់យើង ទន់ខ្សោយ វាក៏នឹងបង្កើតទៅជាឧបសគ្គ ។ ចឹងទេ ខ្ញុំសុំអំពាវនាវ អង្វរក ប្រជាពលរដ្ឋរបស់យើង បន្តប្រកាន់ខ្ជាប់ នូវវិធានការ ៣កុំ ៣ការពារ តទៅទៀត” ។

គួរឲ្យដឹងផងដែរថា កាលពីថ្ងៃទី២១ ម្សិលមិញនេះ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៤៨៨នាក់ទៀត ជាករណីអូមីក្រុងទាំងអស់ ខណៈជាសះស្បើយ ចំនួន៣០៥នាក់ និងស្លាប់ចំនួន៣នាក់។ គិតត្រឹមព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជា មានអ្នកឆ្លងសរុបចំនួន ១២៦ ៩៧៧នាក់ អ្នកជាសះស្បើយចំនួន ១២០ ៧៦៧នាក់ និងអ្នកស្លាប់ចំនួន៣ ០២០នាក់៕

To Top