ព័ត៌មានជាតិ

សម្តេចតេជោ ៖ ថង់ប្លាស្ទិកកំពុងក្លាយជាប្រធានបទក្តៅ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ថា បច្ចុប្បន្នថង់ប្លាស្ទិកកំពុងក្លាយជាប្រធានបទក្តៅសម្រាប់បណ្តាសមុទ្រនានា ។

សម្តេចតេជោ បានថ្លែងក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក នៅថ្ងៃ២២ កុម្ភៈថា «បញ្ហាថង់ប្លាស្ទិកបានកំពុងក្លាយជាប្រធានបទក្តៅនៅពេលនេះ សម្រាប់បណ្តាសមុទ្រទាំងអស់ដែលកំពុងជោគជាំដោយថង់ប្លាស្ទិក ។ ការប្រជុំទាក់ទងនិងបរិស្ថានគេបានលើកឡើងពីបញ្ហាថង់ប្លាស្ទិកនៅតាមសមុទ្រ ប៉ុន្តែឥឡូវយ៉ាងណាកុំឲ្យថង់ប្លាស្ទិកនានាហូរចូលទៅក្នុងបឹង ទន្លេ ចូលក្នុងលូ យើងខិតខំទាំងអស់គ្នាដើម្បីទីក្រុងស្អាតរបស់យើង»។

សម្តេចបន្តថា កន្លងមកមានបញ្ហាថង់ប្លាស្ទិកហោះលើខ្យល់ តែពេលនេះធ្វើបានមួយភាគធំហើយ ដែលមុននោះមានសំពីងសំពោងហោះហើរ។

ជាមួយគ្នានោះដែរ សម្តេចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងទីក្រុងភ្នំពេញ ឬចូលមកលេងទីក្រុងភ្នំពេញ ត្រូវប្រកាន់ខ្ជាប់រក្សាអនាម័យទាំងអស់គ្នា។ ការធ្វើនេះ មិនមែនសម្រាប់អ្នកណានោះទេគឺដើម្បីខ្លួនយើង៕

To Top