បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃអង្គារថា ទោះបីជាមានការទទួលស្គាល់ របស់រុស្ស៊ីកាលពីថ្ងៃចន្ទអំពី តំបន់ដាច់ចេញពីសាធារណរដ្ឋ Donbass ថាជារដ្ឋអធិបតេយ្យ និងបញ្ជាឱ្យដាក់ពង្រាយ កងទ័ពនៅទីនោះក៏ដោយ ក៏អ៊ុយក្រែនមិនជឿថា នឹងមានសង្គ្រាមកើតឡើងដែរ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា មេដឹកនាំអ៊ុយក្រែនរូបនេះ ក៏កំពុងពិចារណាផ្តាច់ ទំនាក់ទំនងការទូតជាមួយរុស្ស៊ី និងចង់បានជំនួយបរទេសបន្ថែមទៀត សម្រាប់ប្រទេសរបស់លោក។ លោកបាននិយាយក្នុង សន្និសីទសារព័ត៌មានរួមគ្នា ជាមួយប្រធានាធិបតីដែលកំពុង បំពេញទស្សនកិច្ច នៃប្រទេសអេស្តូនី លោក Alar Karis ។
លោក Zelensky បានច្រានចោលគំនិតអំពី ការពិភាក្សាជាមួយមេដឹកនាំនៃ សាធារណរដ្ឋដែលបែក បាក់ដោយដាក់ពួកគេថា “អង្គការភេរវករ” ហើយបញ្ជាក់ដោយច្រានចោលថា គាត់ “មិនដឹងថាពួកគេជានរណាទេ” ។ ការកត់សម្គាល់នេះ បានធ្វើឡើងបន្ទាប់ពីអ្នកកាសែតម្នាក់ បានសួរថាតើអ៊ុយក្រែន នឹងដកទ័ពរបស់ខ្លួនមកវិញដូចការ ស្នើសុំរបស់មេដឹកនាំឧទ្ទាមដែរឬទេ ៕
ប្រែសម្រួលៈ ណៃ តុលា