ព័ត៌មានជាតិ

នាយកអង្គការ WCS៖ ការជួញដូរសត្វព្រៃ លក្ខណៈអន្តរជាតិ ជាការគំរាមកំហែង ចំពោះការងារអភិរក្សជីវៈចម្រុះ

ភ្នំពេញ៖ លោកបណ្ឌិត កែន សេរីរដ្ឋា នាយកអង្គការ WCS ប្រចាំកម្ពុជា បានថ្លែងថា ការជួញដូរសត្វព្រៃជាលក្ខណៈអន្តរជាតិ គឺជាការគំរាមកំហែងមួយ ក្នុងចំណោមការគំរាមកំហែងធំៗជាច្រើន ចំពោះការងារអភិរក្សជីវៈចម្រុះ ។

អង្គការ WCS និងនាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលច្បាប់ ក្នុងវិស័យរដ្ឋប្បវេណីនៃក្រសួងយុត្តិធម៌ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញដោះស្រាយរឿង ក្តីជួញដូរសត្វព្រៃអន្តរជាតិ សម្រាប់ព្រះរាជអាជ្ញានិងចៅក្រមកម្ពុជា»។ វគ្គបណ្តុះបណ្តាលនេះត្រូវបាន រៀបចំឡើងនៅរាជធានីភ្នំពេញ ពីថ្ងៃទី២១-២៥ ខែកុម្ភៈ ឆ្នាំ២០២២ ។

នេះគឺជាវគ្គបណ្តុះបណ្តាល លើកដំបូងដែលបានរៀបចំជូន ព្រះរាជអាជ្ញានិងចៅក្រម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងកសាង សម្ថតភាពដល់ព្រះរាជអាជ្ញា និងចៅក្រមឲ្យមានចំណេះដឹង មូលដ្ឋានបន្ថែម អំពីការជួញដូរសត្វព្រៃ និងពង្រឹងជំនាញក្នុងការកាត់ក្តី បទល្មើសជួញដូរសត្វព្រៃ ប្រកបដោយប្រសិទ្ធិភាព។

ថ្លែងស្វាគមន៍ទៅកាន់ សិក្ខាកាមទាំងអស់នាឱកាសនោះ លោកបណ្ឌិត កែន សេរីរដ្ឋា នាយកអង្គការ WCS ប្រចាំកម្ពុជា បានមានប្រសាសន៍ថា «ការជួញដូរសត្វព្រៃ ជាលក្ខណៈអន្តរជាតិ គឺជាការគំរាមកំហែងមួយ ក្នុងចំណោមការគំរាមកំហែងធំៗជាច្រើន ចំពោះការងារអភិរក្សជីវៈចម្រុះ» ។

លោកបានបន្ថែមថា «តុលាការដើរតួនាទីសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹង ការជួញដូរសត្វព្រៃខុសច្បាប់។ អង្គការ WCS ប្តេជ្ញានិងបន្តគាំទ្រដល់ កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបញ្ចប់ការជួញដូរសត្វព្រៃ និងកសាងនូវពិភពលោកមួយ ដែលសត្វព្រៃនិងមនុស្សអាចរស់នៅ ដោយសុខដុមរមនាជាមួយគ្នាបាន» ៕

To Top