បរទេស៖ ភ្លាមៗបន្ទាប់ពីសុន្ទរកថារបស់លោកពូទីន គឺមាន ប្រភពជាច្រើនបានរាយការណ៍ពីការផ្ទុះដ៏ធំនៅក្នុងទីក្រុង Kyiv រដ្ឋធានីរបស់ប្រទេសអ៊ុយក្រែន និងជាទីជម្រករបស់ប្រជាជនជិត៣ លាននាក់ ក៏ដូចជានៅក្នុងទីក្រុង Kharkov ដែលជាទីក្រុងដែលមានប្រជាជនជាង ១ លាននាក់នៅភាគខាងកើត និងទីក្រុងសំខាន់ៗផ្សេងទៀត។
យោងតាមសារព័ត៌មាន Rolling Stone ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបើកការវាយប្រហារលើប្រទេសអ៊ុយក្រែនហើយ ។ មួយសន្ទុះបន្ទាប់ពីលោក ពូទីន បានប្រកាសថា រុស្ស៊ីនឹងចាប់ផ្តើម “ប្រតិបត្តិការយោធាពិសេស” ការផ្ទុះត្រូវបានគេឮនៅក្នុងទីក្រុងធំៗជាច្រើនរបស់អ៊ុយក្រែន ដែលមន្ត្រីរដ្ឋាភិបាលអ៊ុយក្រែនបានអះអាងថា គឺជាការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីទៅលើទីតាំងជាច្រើន រួមទាំងទីបញ្ជាការយោធា និងអាកាសយានដ្ឋាន។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បានហៅប្រតិបត្តិការរបស់រុស្ស៊ីថាជា “ការលុកលុយពេញលក្ខណៈរបស់អ៊ុយក្រែន”។ នេះគឺជាសង្រ្គាមនៃការឈ្លានពាន។ ទីក្រុងអ៊ុយក្រែនដែលមានសន្តិភាព គឺស្ថិតក្រោមការវាយប្រហារ។ នេះគឺជាសង្រ្គាមនៃការឈ្លានពាន។ ពិភពលោកអាច និងត្រូវតែបញ្ឈប់លោកពូទីន។ ពេលវេលាដើម្បីធ្វើសកម្មភាពគឺឥឡូវនេះ»៕ប្រែសម្រួលៈ ណៃ តុលា