ព័ត៌មានអន្តរជាតិ

លោកពូទីន ទូរស័ព្ទទៅមេដឹកនាំប្រទេស មួយចំនួន ដើម្បីពន្យល់ និងពិភាក្សា ពីបញ្ហាអ៊ុយក្រែន

ម៉ូស្គូ៖ ប្រធានាធិបតីរុស្សី លោក Vladimir Putin បានធ្វើការទូរស័ព្ទទៅកាន់បណ្តាមេដឹកនាំ ប្រទេសធំៗមួយចំនួន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដើម្បីធ្វើការពន្យល់ផង និងពិភាក្សាផង ទៅលើបញ្ហានៃអ៊ុយក្រែន នេះបើយោងតាម ការបញ្ជាក់ដោយវិមានក្រឹមឡាំង។ នេះបើតាមសេចក្តីរាយការណ៍ពី ទីភ្នាក់ងារព័ត៌មាន​ ចិន ស៊ីនហួ នៅថ្ងៃសុក្រនេះ។

លោក Putin បានទូរស័ព្ទដំបូងទៅកាន់ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisiដោយពន្យល់អំពីស្ថានភាពបច្ចុប្បន្ន នៅជុំវិញអ៊ុយក្រែន និងបញ្ហាពាក់ព័ន្ធផងដែរ ខណៈដែលលោក Raisi បានធ្វើការឆ្លើយតបថា បានស្វែងយល់ច្បាស់ហើយ អំពីការព្រួយបារម្ភរបស់រុស្សីចំពោះសកម្មភាពអាមេរិក និងណាតូ នាពេលកន្លងមក។

លោក Putin ក៏បានទូរស័ព្ទដើម្បីធ្វើការបកស្រាយត្រួសៗ ជាមួយនឹងនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ផងដែរអំពីជំហរបស់រដ្ឋាភិបាល ទីក្រុងមូស្គូ នៅពេលនេះ ចំពោះមុខបញ្ហាអ៊ុយក្រែន ហើយជាការឆ្លើយតប លោក Modi បានថ្លែអំណរគុណ ចំពោះលោក Putin ក្នុងការគូសបញ្ជាក់ និងធ្វើឲ្យកាន់តែច្បាស់ ដើម្បីធានាបាន
ថាពលរដ្ឋឥណ្ឌា នៅក្នុងប្រទេសអ៊ុយក្រែន នឹងទទួលបានសុវត្ថិភាព ជាធម្មតា។

ក្រៅពីនោះលោក Putin ក៏បានធ្វើខលជួប ជាមួយនឹងប្រធានាធិបតីបារាំង លោក Emmanuel Macron ផងដែរដើម្បីពិភាក្សាទៅលើបញ្ហាបច្ចុប្បន្ន នៅក្នុងប្រទេសអ៊ុយក្រែន ផងដែរ។

គួរឲ្យដឹងដែរថា ការវាយប្រហារដោយរុស្សី គិតត្រឹមព្រឹកថ្ងៃសុក្រនេះ ប្រធានាធិបតីអ៊ុយក្រែន បានប្រកាសថា ភាគីអ៊ុយក្រែន មានអ្នកបាត់បង់ជីវិតសរុប ១៣៧ នាក់ ទាំងពលរដ្ឋស៊ីវិល និងយោធា៕

ប្រែសម្រួល៖ ស៊ុនលី

To Top