ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវ បានរកឃើញកម្មវិធីមេរោគ Xenomorph ដែលជាមេរោគប្រភេទ Trojan ដែលមានគោលដៅសម្រាប់ ប្រមូលព័ត៌មានសំខាន់ៗ ពីការប្រើប្រាស់កម្មវិធីធនាគារចំនួន ៥៦ នៅក្នុងប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុប។ នេះបើយោងតាមហ្វេសប៊ុក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ។
ដើម្បីចៀសវាងពីប្រព័ន្ធការពារសុវត្ថិភាពរបស់ Google Play Store ជនខិលខូចបានធ្វើការក្លែងបន្លំ កម្មវិធីទាំងនោះជាកម្មវិធី ដែលមានមុខងារសម្រាប់ជួយ ក្នុងការប្រើប្រាស់ទូរសព្ទមានដូចជាកម្មវិធី Fast Cleaner ដើម្បីបញ្ឆោតជនរងគ្រោះឱ្យទាញយកនិងដំឡើងវា។ កម្មវិធីមេរោគនេះអាចបើកដំណើរការ នៅផ្នែកខាងលើនៃកម្មវិធីគោលដៅ (overlay screens) មានដូចជាកម្មវិធីសម្រាប់អ៊ីមែល និងលុយគ្រីបតូ ដើម្បីលួចយកឈ្មោះសម្គាល់ និងលេខសម្ងាត់។
បើតាមការរកឃើញរបស់ក្រុមហ៊ុនអភិវឌ្ឍកម្មវិធីការពារមេរោគ Kaspersky កាលពីឆ្នាំ២០២១ បានបង្ហាញឲ្យឃើញថា កម្មវិធីមេរោគដែលមានគោលដៅ ទាក់ទងទៅនឹងការប្រើប្រាស់សេវាកម្ម ធនាគារគឺមានចំនួនច្រើន ដែលពួកគេបានរកឃើញនូវប្រភេទថ្មីចំនួនជិត ១០ម៉ឺននៃពពួក Trojan។ មេរោគទាំងនេះភាគច្រើនពឹងផ្អែក លើកម្មវិធីផ្លូវការដូចជា Google Play Store ដើម្បីទាក់ទាញអ្នកប្រើប្រាស់ឲ្យទាញយកកម្មវិធី ដែលមើលទៅគួរទុកចិត្ត។
ដើម្បីសុវត្ថិភាពក្នុងការ ប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា អ្នកប្រើប្រាស់គួរតែចៀសវាងបញ្ចូល កម្មវិធីដែលលោកអ្នកពុំត្រូវការចាំបាច់ ព្រោះកម្មវិធីទាំងនោះអាចធ្វើឱ្យ ទូរសព្ទមានដំណើរការយឺត ជាងនេះទៅទៀតវាក៏អាចមានផ្ទុកមកជាមួយ នូវកម្មវិធីមេរោគដែលអាចលួច យកព័ត៌មានសំខាន់ៗផងដែរ ៕