ព័ត៌មានអន្តរជាតិ

Update: ប្រធានាធិបតីស៊ី ជិនពីងថា ចិនគោរពចំពោះសកម្មភាពរបស់រុស្ស៊ី អំឡុងពេលវិបត្តិជាមួយអ៊ុយក្រែន

បរទេស៖ វិមានក្រឹមឡាំងបាននិយាយថា រដ្ឋាភិបាលទីក្រុងប៉េកាំង “គោរព” សកម្មភាពរបស់រដ្ឋាភិបាលរុស្ស៊ី ចំពេល “ស្ថានភាពវិបត្តិដែលកំពុងបន្ត” នៅក្នុងប្រទេសអ៊ុយក្រែន ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានប្រាប់ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បែបនេះ ក្នុងអំឡុងពេលសន្ទនា តាមទូរស័ព្ទកាលពីថ្ងៃសុក្រ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់វិមានក្រឹមឡាំង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីរុស្ស៊ី “បានជូនដំណឹងយ៉ាងហ្មត់ចត់” ទៅមេដឹកនាំចិនអំពីហេតុផល ដែលជំរុញឱ្យលោក ពូទីន ចាប់ផ្តើមប្រតិបត្តិការយោធានៅអ៊ុយក្រែន ដោយបន្ថែមថា រដ្ឋាភិបាលទីក្រុងមូស្គូក៏បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបញ្ជូនគណៈប្រតិភូទៅទីក្រុង Minsk ដើម្បីចាប់ផ្តើមកិច្ចពិភាក្សាជាមួយមន្ត្រីអ៊ុយក្រែន។

សេចក្តីថ្លែងការណ៍បាននិយាយថា មេដឹកនាំទាំងពីរបានចែករំលែក ការវាយតម្លៃរបស់ពួកគេអំពីស្ថានភាព នៅលើឆាកអន្តរជាតិ ហើយបានយល់ព្រមបន្ត “សម្របសម្រួលយ៉ាងជិតស្និទ្ធ” សកម្មភាពរបស់ប្រទេសទាំងពីរ និងគាំទ្រគ្នាទៅវិញទៅមក នៅក្នុងអង្គការសហប្រជាជាតិ និងនៅលើវេទិកាអន្តរជាតិផ្សេងទៀត។

មេដឹកនាំចិនរុស្ស៊ី ក៏បានថ្កោលទោសចំពោះ “ទណ្ឌកម្មខុសច្បាប់ដែលត្រូវបាន ប្រើប្រាស់ដោយប្រជាជាតិមួយចំនួន ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ” ដោយហៅសកម្មភាពបែបនេះថា “មិនអាចទទួលយកបាន” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top