ព័ត៌មានជាតិ

Update: លោក ជុំ សុន្ទរី ៖ មកដល់ពេលនេះ ការប្រយុទ្ធគ្នារវាងរុស្ស៊ី និងអ៊ុយក្រែន មិនទាន់រាលដាលដល់ តំបន់ពលរដ្ឋខ្មែររស់នៅទេ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ លោក ជុំ សុន្ទរី បានបញ្ជាក់ឲ្យដឹងថា ថ្វីត្បិតអតីតនិស្សិតខ្មែរ ដែលបានទៅសិក្សាក្នុងជំនាន់អតីតសហភាពសូវៀត ចំនួន ២៣នាក់ ចាប់ផ្តើមជួបការលំបាកខ្លះៗ ក្នុងជីវភាពរស់នៅក៏ដោយ ប៉ុន្តែ រហូតមកដល់ពេលនេះ ការវាយប្រយុទ្ធគ្នារវាងរុស្ស៊ីនិងអ៊ុយក្រែន នៅមិនទាន់រាលដាលដល់តំបន់ ដែលពួកគាត់រស់នៅ នៅឡើយទេ ។

បន្ថែមលើព័ត៌មានដែល បានជំរាបជូនកាលពីថ្ងៃទី២៥ និង ព្រឹកថ្ងៃទី២៦ កុម្ភៈ តាមរយៈបណ្ដាញសង្គមតេឡេក្រាម នៅរសៀលថ្ងៃទី២៦ កុម្ភៈនេះ លោក ជុំ សុន្ទរី បានឲ្យដឹងថា ដោយមានការសំរបសំរួលរបស់ “សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្សី” លោកបានជួបសន្ទនាដោយផ្ទាល់ តាមប្រព័ន្ធតេលេក្រាម ជាមួយពលរដ្ឋខ្មែរ ម្នាក់ដែលកំពុងរស់នៅក្នុងប្រទេសអ៊ុយក្រែន ។

ក្រោយពីជួបរួចលោក ជុំ សុន្ទរី បានទទួលព័ត៌មានថា បច្ចុប្បន្ន មានអតីតនិស្សិតដែលបានទៅសិក្សាក្នុងជំនាន់អតីតសហភាពសូវៀត ចំនួន ២៣នាក់ដែលកំពង់រស់នៅជាមួយគ្រួសាររបស់ពួកគេ នៅ Kharkov ចំនួន ៧នាក់ នៅ តំបន់ Kyiv ១១នាក់ និង នៅ Odessa ៥នាក់ ។ ពួកគាត់ទាំងអស់គ្នាមានទំនាក់ទំនងជាមួយគ្នាជាប់ជាប្រចាំតាមក្រុមតេលេក្រាម ។

អ្នកនាំពាក្យបញ្ជាក់ថា “ថ្វីត្បិតចាប់ផ្តើមជួបការលំបាកខ្លះៗ ក្នុងជីវភាព រស់នៅ ជាពិសេស សំរាប់តំបន់ Kyiv តែពួកគាត់ទាំងអស់គ្នាមានសុវត្ថភាពជាធម្មតាទេ ទន្ទឹមនឹងនោះក៏មានការព្រួយបារម្ភចំពោះអនាគតទៅមុខ ។ រហូតមកដល់ពេលនេះ ការវាយប្រយុទ្ធគ្នា នៅមិនទាន់រាលដាលដល់តំបន់ដែលពួកគាត់រស់នៅ នៅឡើយទេ” ។

ជាមួយគ្នានោះលោកបានសម្របសម្រួលឲ្យ មានទំនាក់ទំនងរវាងពលរដ្ឋខាងលើ ក្នុងនាមតំណាងអោយពលរដ្ឋទាំង២៣គ្រួសារ ជាមួយស្ថានទូតកម្ពុជានៅទីក្រុងម៉ូស្គូរួចហើយ ។

លោកគូសបញ្ជាក់ថា ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ហើយនិងស្ថានទូតកម្ពុជាប្រចាំនៅរុស្សី នឹងបន្តទំនាក់ទំនងជាមួយពលរដ្ឋខ្មែរទាំងអស់នោះដើម្បីទទួលបានព័ត៌មានអំពីស្ថានភាពរបស់ពួកគាត់ ៕

To Top